ការហាត់សមទប់ទល់អាចម៍ផ្កាយ៖ ទីក្រុងញូយ៉កត្រូវអាចម៍ផ្កាយធ្លាក់ចំ នៅក្នុងការហាត់សមមិនបានសម្រេច (រូបភាពខាងក្នុង)

0

(អាមេរិក)៖ អំឡុងការហ្វឹកហាត់ទប់ទល់ការវាយប្រហារពីអាចម៍ផ្កាយ កាលពីសបា្តហ៍មុននៅអាមេរិក ទីក្រុងញូយ៉កដែលមានប្រជាជនរស់នៅ ៨.៦លាននាក់ បានរលាយបាត់ចេញពីផែនដី នៅក្នុងឧទាហរណ៍ដ៏គួរឲ្យព្រឺព្រួចបំផុត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Space។

ក្នុងអំឡុងសន្និសីទអន្តរជាតិមួយស្តីពីកិច្ចការពារភពផែនដី ដែលត្រូវបានរៀបចំឡើងនៅសហរដ្ឋអាមេរិក ក្រុមអ្នកជំនាញផ្នែកអវកាសប្រមាណ ២០០នាក់ មកពីទីភ្នាក់ងារអវកាសអាមេរិក NASA ទីភ្នាក់ងារអវកាសអឺរ៉ុប និងស្ថាប័នពាក់ព័ន្ធដទៃទៀត បានរួមគំនិតគ្នាប្រឹងប្រែងដោះស្រាយស្ថានការណ៍ប្រឌិតមួយ គឺមានអាចម៍ផ្កាយធំមួយសំដៅមករកតំបន់អាមេរិកខាងជើង។

នៅក្នុងស្ថានការណ៍ប្រឌិតខាងលើ គឺក្នុងឆ្នាំ២០១៩នេះ គេទទួលបានសញ្ញាប្រកាសអាសន្នថា អាចម៍ផ្កាយមួយមានមុខកាត់ចន្លោះពី ១០០ម៉ែត្រទៅ ៣០០ម៉ែត្រ កំពុងតែឆ្ពោះមកផែនដី ហើយវាមានឱកាស ០១ភាគរយនឹងបុកចំភពរបស់យើងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៧។ នៅឆ្នាំ២០២១ ទីភ្នាក់ងារអវកាសអាមេរិក NASA បានបញ្ជូនយានមួយគ្រឿង ឲ្យទៅសិក្សាលម្អិតលើអាចម៍ផ្កាយនោះ ។

បន្ទាប់មក NASA ក៏បានដឹងថា ដុំថ្មយក្សនេះកំពុងស្ថិតនៅលើគន្លងផ្លូវឆ្ពោះមកចំទីក្រុង Denver នៃរដ្ឋ Colorado ហើយអាចធ្វើឲ្យតំបន់ភាគខាងលិចរបស់សហរដ្ឋអាមេរិក ទទួលរងការបំផ្លិចបំផ្លាញយ៉ាងធំធេង ខណៈភាគរយនៃការប៉ះទង្គិចបានកើនឡើងដល់ ១០០ភាគរយតែម្តង។

នៅឆ្នាំ២០២២ បណ្តាប្រទេសមហាអំណាចផ្នែកអវកាសនៅលើពិភពលោក ក៏បានជួបពិភាក្សាគ្នាហើយឯកភាពក្នុងការបង្កើតយានពិសេសចំនួន ០៦គ្រឿង ដែលមានគោលដៅទៅបំបុកអាចម៍ផ្កាយនោះ ដើម្បីបន្ថយល្បឿនហើយបំផ្លាតវាឲ្យខ្ទាតចេញ​ ពីគន្លងគោចរដែលសំដៅមករកផែនដី។ ដល់ឆ្នាំ២០២៤ ក្រុមយានអវកាសនោះ​ត្រូវបានបាញ់បញ្ជូនឡើងទីអវកាស ហើយមានតែ ០៣ប៉ុណ្ណោះ ដែលបានបុកចំគោលដៅរបស់ពួកវា។

ការបំបុកនេះបានធ្វើឲ្យអាចម៍ផ្កាយបែកជាបំណែក ហើយធ្វើឲ្យបំណែកធំជាងគេ​ខ្ទាតចេញពីគន្លងដើមរបស់វា តែបំណែកតូចល្មមមួយបាន ហោះសំដៅមករកភាគខាងកើតអាមេរិកវិញម្តង។ រដ្ឋាភិបាលអាមេរិកបានពិចារណា ប្រើអាវុធនុយក្លេអ៊ែរដើម្បីបាញ់កម្ទេចវាចោលដែរ ប៉ុន្តែចុងក្រោយក៏អស់ពេលវេលា ដោយសារភាពចម្រូងចម្រាសនយោបាយ។

ទោះជាបែបនេះក្តី បណ្តាទីភ្នាក់ងារអវកាសនៅតែបន្តឃ្លាំមើលបំណែកអាចម៍ផ្កាយនោះ ស្របពេលរដ្ឋាភិបាលត្រៀមខ្លួនដើម្បី សម្របសម្រួលការជម្លៀសប្រជាជន។ នៅ០២ខែមុនវាធ្លាក់មកដល់ផែនដី អ្នកវិទ្យាសាស្រ្តដឹងច្បាស់ថា បំណែកអាចម៍ផ្កាយនោះនឹង ធ្វើឲ្យទីក្រុងញូយ៉កមួយទាំងមូលក្លាយទៅជាផេះ រួមជាមួយអ្វីៗដែលស្ថិតនៅចម្ងាយ ១៥គីឡូម៉ែត្រជុំវិញទីក្រុង ហើយជីវិតនៅរាប់រយគីឡូម៉ែត្រ ក៏រងការគំរាមកំហែងផងដែរ។ ហេតុដូចនេះប្រជាជនទីក្រុងញូយ៉ក ត្រូវបានបង្ខំឲ្យជម្លៀសចេញជាបន្ទាន់។

ទីបំផុតនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៧ បំណែកអាចម៍ផ្កាយនោះក៏ធ្លាក់មកដល់ផែនដី ក្នុងល្បឿន ៦៩,០០០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយបានផ្ទុះនៅឧទ្យាន Central Park នៃទីក្រុងញូយ៉ក ជាមួយកម្លាំងផ្ទុះខ្លាំងជាងគ្រាប់បែកបរិមាណូ ដែលទម្លាក់នៅឯ ទីក្រុងហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុនដល់ទៅ ១,០០០ដង។

គួរជម្រាបថា ក្នុងអំឡុងសន្និសីទនៅឆ្នាំមុន ក្រុមអ្នកវិទ្យាសាស្រ្តបានទទួលជោគជ័យ ក្នុងការជួយសង្រ្គោះទីក្រុងតូក្យរបស់ជប៉ុន ពីការវាយប្រហារដោយអាចម៍ផ្កាយ តាមរយៈការបាញ់គ្រាប់បែកនុយក្លេអ៊ែរ ឲ្យទៅកម្ទេចបំណែកអាចម៍ផ្កាយ។ ហើយកាលនោះក៏ជាជោគជ័យលើកដំបូងផងដែរ ក្រោយបានបរាជ័យប៉ុន្មានឆ្នាំជាប់ៗគ្នា ក្នុងការហាត់សម ដែលបានធ្វើឲ្យតំបន់ភាគអាគ្នេយ៍បារាំង ព្រមទាំងរដ្ឋធានីកាដារបស់បង់ក្លាដែស រងការបំផ្លិចបំផ្លាញខ្ទេចខ្ទី។

ទោះបីជាឱកាសនៃការដែលអាចម៍ផ្កាយយក្សមួយ នឹងមកបុកចំផែនដីនាពេលអនាគត គឺសឹងតែមិនអាចទៅរួចក៏ដោយ ប៉ុន្តែយើងបានដឹងហើយថា សត្វដាយណូស័របានផុតពូជ​ដោយសារតែអ្វី ដូច្នេះហើយការហាត់សមត្រៀមលក្ខណៈជាមុននេះ គឺជារឿងដ៏ប្រសើរមួយ ដែលមិនគួរមើលស្រាលនោះឡើយ។ នៅខ្ទង់ឆ្នាំ២០២១ ឬក៏២០២២ អង្គការ NASA ក៏មានគម្រោងបាញ់បញ្ជូនយានអវកាសមួយ ដើម្បីឲ្យទៅសាកល្បងបំបុកអាចម៍ផ្កាយមួយដុំ ជាប្រភេទនៅក្បែរផែនដី ដើម្បីបង្វែរគន្លងគោចររបស់វាផងដែរ៕

ប្រភព៖ Space (ដកស្រង់នៅថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩)

ចែករំលែក