កញ្ចុំផ្កាយមួយក្នុងកាឡាក់ស៊ីយើង ប្រហែលមានប្រភពពីកាឡាក់ស៊ីផ្សេង តាំងពីជាង១០ពាន់លានឆ្នាំមុន (រូបភាពខាងក្នុង)

0

(បរទេស)៖ ផ្កាយមួយដួងនៅក្នុងកញ្ចុំផ្កាយឈ្មោះ Big Dipper ទំនងជាមិនមែនមានដើមកំណើត​នៅក្នុងកាឡាក់ស៊ី Milky Way របស់យើងផ្ទាល់នោះឡើយ។ ផ្ទុយទៅវិញវាប្រហែលជាមានប្រភព មកពីកាឡាក់ស៊ីផ្សេងមួយទៀត ដែលបានមករួមបញ្ចូលគ្នាជាមួយកាឡាក់ស៊ី Milky Way កាលពីប្រមាណជាង ១០ពាន់លានឆ្នាំមុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space នៅថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០១៩។

ដោយសម្អាងលើភាពមិនប្រក្រតីមួយចំនួននៃផ្កាយមួយដួងនោះ ដែលគេហៅឈ្មោះថា J1124+4535 អ្នកវិទ្យាសាស្រ្តមួយក្រុម ក្នុងនោះមានទាំងតារាវិទូចិន និងជប៉ុនងដែរបានសន្និដ្ឋានថា វាទំនងជាមានប្រភពមកពីកាឡាក់ស៊ីតូចមួយ ដែលបានរសាត់អណ្តែតមកកៀក នឹងកាឡាក់ស៊ី Milky Way ខ្លាំងពេក ហើយក៏បានលាយឡំជាមួយយើងបន្តិចម្តងៗតែម្តង។

គួរជម្រាបថា ការប៉ះទង្គិចគ្នានាពេលនោះ បាននាំមកនូវផ្កាយថ្មីរាប់ពាន់លានដួង នៅក្នុងកាឡាក់ស៊ី Milky Way ដែលផ្កាយជាច្រើនអាច មានអាយុកាលចំណាស់ៗជាងផ្កាយ ដែលស្ថិតនៅក្នុងកាឡាក់ស៊ីរបស់យើង តាំងតែពីយូរណាស់មកហើយថែមទៀតផង។ ក៏ប៉ុន្តែ ក្រុមអ្នកវិទ្យាសាស្រ្តខាងលើ បានបញ្ជាក់ថា ពុំមានមធ្យោបាយងាយស្រួលណាមួយ ដើម្បីកំណត់ឲ្យច្បាស់ថា តើមានដួងផ្កាយចំនួនប៉ុន្មាន ឬក៏ផ្កាយណាខ្លះ ដែលមកពីកាឡាក់ស៊ីដទៃនោះទេ។ យ៉ាងណាមិញរបកគំហើញថ្មីនេះ អាចជាចំណុចចាប់ផ្តើមមួយ ដើម្បីឈានទៅរកពពួកផ្កាយអេលៀនទាំងនោះ៕

ចែករំលែក