នៅក្រោមឧទ្យានជាតិ Yellowstone របស់អាមេរិក បើសិនជាវាផ្ទុះឡើងនឹងបំផ្លាញអាមេរិកស្ទើរទាំងមូល

0

(ប៉ូឡូញ)៖ អ្នកជំនាញ-វិទ្យាសាស្ត្រម្នាក់បានព្រមានថា កំពូលភ្នំភ្លើងឈ្មោះ Yellowstone ដែលមានទីតាំងស្ថិតនៅក្បែរឧទ្យានជាតិ Yellowstone របស់សហរដ្ឋអាមេរិក បើវាផ្ទុះឡើងនាថ្ងៃអនាគត នោះនឹងធ្វើឲ្យដែនដីមួយចំណែកធំនៃមហាអំណាចលេខ១នេះ រងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ហើយពុំមានមធ្យោបាយដើម្បីទប់ស្កាត់វា​មិនឲ្យកើតឡើងបានឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០១៩។

អ្នកជំនាញផ្នែកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ ស៊ីឡេស្យ៉ា (Silesia) ក្នុងទីក្រុង កាតូវ៉ៃស៍ (Katowice) ប្រទេសប៉ូឡូញបានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំព្យាករណ៍ថា នឹងការផ្ទុះដ៏ខ្លាំងក្លាមួយស្រដៀងនឹងការផ្ទុះកាលពី ៦៤០,០០០ឆ្នាំមុន ហើយបើវាកើតឡើង នឹងបំផ្លាញដែនដីភាគច្រើនរបស់សហរដ្ឋអាមេរិក ដោយអ្វីដែលផ្ទុះចេញមកនឹងគ្របដណ្តប់​ពាសពេញផ្ទៃមេឃចម្ងាយយ៉ាងតិច ៥០០គីឡូម៉ែត្រ ខណៈធូលីក៏ដូចជាឧស្ម័នពុលផ្សេងៗ ដែលបញ្ចេញទៅក្នុងបរិយាកាស នឹងធ្វើឲ្យមានការថយចុះសីតុណ្ហភាពថែមទៀតផង ដែលជាលទ្ធផលមនុស្សប្រមាណ ០៥ពាន់លាននាក់ អាចនឹងត្រូវបាត់បង់ជីវិតដោយសារ​គ្រោះអន់ឃ្លាន»។

អ្នកជំនាញខាងលើដែលមានឈ្មោះ ជែហ្ស៊ី ហ្សាបា (Jerzy Zaba) បានបញ្ជាក់ថា បើសិនភ្នំភ្លើងយក្ស យែលឡូស្តូន ឬថ្មលឿង (Yellowstone) ពិតជាផ្ទុះឡើងនៅពេលអនាគត។ រឿងសមហេតុផលជាងគេដែលគួរធ្វើ គឺត្រូវជម្លៀសខ្លួនមនុស្សចេញពីទ្វីបអាមេរិកខាងជើងតែម្តង ខណៈវាពុំអាចព្យាករណ៍ឲ្យបាន ជាក់ច្បាស់នោះឡើយថា នៅពេលណាដែលភ្នំភ្លើងនេះនឹងចាប់ផ្តើមផ្ទុះ។

គួរជម្រាបថា ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS បានបង្កើតក្រុមឃ្លាំមើលមួយហៅកាត់ថា YVO ដើម្បីធ្វើការតាមដានជាពិសេសនូវសកម្មភាព​កំពូលភ្នំភ្លើង Yellowstone ជារៀងរាល់ថ្ងៃចាប់តាំងពីឆ្នាំ២០០១មក។ គិតមកទល់ពេលនេះ ភ្នំភ្លើង Yellowstone ធ្លាប់បានផ្ទុះឡើងយ៉ាងហោចណាស់ ០៣ដង ដោយលើកចុងក្រោយបានកើតឡើងគឺកាលពី ៦៤០,០០០ឆ្នាំមុន៕

ចែករំលែក