រាត្រីសួស្តីឆាងអឺ៤… បេសកកម្មត្រូវសម្រាកសម្រាប់ពេលយប់លើព្រះច័ន្ទ ដែលស្មើនឹង១៤ថ្ងៃលើផែនដី

0

(ប៉េកាំង)៖ យាននៃបេសកកម្ម Chang’e-4 នៅឯតំបន់ Far Side របស់ព្រះច័ន្ទ បានផ្អាកដំណើរការជាថ្មីម្តងទៀត ខណៈដែលពេល យប់នៅទីនោះបានឈានមកដល់ជាលើកទី ៥ ចាប់តាំងតែពីបេសកកម្មនេះ បានចាប់ផ្តើមដំបូងនៅលើផ្ទៃព្រះច័ន្ទ កាលពីដើមខែមករា ឆ្នាំ២០១៩។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយព័ត៌មាន Space នៅថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០១៩។

មិនខុសពីផែនដីឡើយ ទាំងចំហៀងខាង Near Side (ចំហៀងបែរមករកផែនដី) និងចំហៀងខាង Far Side (បែរចេញពីផែនដី) នៃព្រះច័ន្ទ គឺសុទ្ធតែឆ្លងកាត់ពេលវេលាថ្ងៃនិងយប់។ ទោះបីជាចំហៀង Far Side ពេលខ្លះត្រូវគេហៅថា Dark Side ក៏ដោយមិនមែនមានន័យថា តំបន់នោះងងឹតសូន្យសុង គ្មានស្គាល់ពន្លឺព្រះអាទិត្យទេ។ រយៈពេល០១ថ្ងៃនៅឋានព្រះច័ន្ទ ស្មើនឹង ២៨ថ្ងៃនៅភពយើង ដូច្នេះហើយនៅទីនោះមានពន្លឺ ១៤ថ្ងៃ និងអត់ពន្លឺ ១៤ថ្ងៃ។

គួរជម្រាបថា យាននៃបេសកកម្ម Chang’e-4 បានចុះទៅដល់លើផ្ទៃព្រះច័ន្ទ កាលពីថ្ងៃទី០២ ខែមករា ដើមឆ្នាំនេះ ហេតុដូចនេះខែទី ៥ គឺខែឧសភាគឺជាពេលទី ៥ ហើយដែល Chang’e-4 បានធ្វើប្រតិបត្តិការនៅលើឋានព្រះច័ន្ទ។ យាន Chang’e-4 និងយានរុករក Yutu-2 ដែលវានាំយកទៅជាមួយ បានផ្អាកដំណើរការកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ខណៈពេលរាត្រីបានឆ្លងមកដល់៕

ចែករំលែក