បើមនុស្សនៅតែប្រឹងឈ្លោះគ្នានោះគ្រប់យ៉ាងនឹងរលំរលាយ ដូចពួកអេលៀននៅជ្រុងណាមួយ នៃចក្រវាឡនេះមិនខាន

0

(អាមេរិក)៖ សម្រាប់អ្នកដែលមិនទាន់បានសិក្សាអំពីមេរៀន នៃការផុតពូជអរិយធម៌អេលៀន (Alien) ថ្ងៃណាមួយអ្នកប្រាកដជាជាន់ដានចាស់របស់ពួកគេជាក់ជាមិនខាន។ មនុស្សលោកនៅលើ​ភពផែនដីនេះ ហាក់កំពុងតែដើរនៅលើផ្លូវដ៏គ្រោះថ្នាក់មួយ ព្រោះយើងបានផលិតអាវុធប្រល័យលោក យ៉ាងច្រើនក្រាស់ក្រែល គ្រប់គ្រាន់នឹងអាចបំផ្លាញជីវិតទាំងអស់​លើផែនដីជាច្រើនដង ព្រមទាំងសកម្មភាពនានា ដែលបានបំផ្លាញបរិយាកាសភពដ៏ប្រពៃមួយនេះ រាប់ទសវត្សរ៍មកហើយដែរ។

ខណៈដែលមនុស្សហាក់មិនបានបង្ហាញនូវការខ្វាយខ្វល់គ្រប់គ្រាន់ ចំពោះជោគវាសនានៅ​ថ្ងៃអនាគតនៃជីវិតទាំងអស់លើផែនដី ហើយបែរជាប្រឹងតែដណ្តើមឥទ្ធិពលគ្នា និងឈ្លោះទាស់ទែងគ្នា ក្តីអន្តរាយនឹងខិតជិតកាន់តែលឿនជាក់ជាមិនខាន។ ទង្វើរបស់​មនុស្សលោកសព្វថ្ងៃនេះ ក៏ជាកត្តាមួយឆ្លុះបញ្ចាំងពីភាពរលំរលាយរបស់ពួកអេលៀន នៅក្នុងតំបន់ណាមួយនៃចក្រវាឡយើងនេះដែរ ដែលក្នុងពេលណាមួយពួកគេបានប្រព្រឹត្តទង្វើ​សម្លាប់​ខ្លួន​ឯងបន្តិចម្តងៗរហូតដល់រលាយសាបសូន្យ គ្មានបន្សល់ដានក៏ថាបាន។

ជុំវិញប្រធានបទខាងលើនេះ តារាវិទូ Avi Loeb និងជាប្រធាននាយករដ្ឋានតារាសាស្ត្រ នៃសាកលវិទ្យាល័យអាមេរិក Harvard ក៏បានពន្យល់ចំណុចខ្លះដែរ ជាពិសេសគឺទាក់ទងទៅ​នឹងចម្ងល់មួយថា តើហេតុអ្វីបានយើងរកឃើញភពមានលក្ខណៈដូចផែនដីយ៉ាងច្រើន នៅក្នុងកាឡាក់ស៊ីមាលគីវេយ៍ (Milky Way) របស់យើងទៅហើយ ប៉ុន្តែតំរុយពីជីវិតក្រៅភព​នៅតែគ្មាន ហើយក៏ពិបាកនឹងកំណត់បានបំផុតនោះ?

នៅក្នុងបទបង្ហាញមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោន ស្តីអំពីការដឹកនាំមនុស្សទៅកាន់ភពព្រះអង្គារ តារាវិទូ Avi Loeb បានបញ្ជាក់យ៉ាងដូច្នេះថា «រឿងមួយដែលអាចទៅរួច នោះគឺអរិយធម៌​ទាំងនេះ ក៏ធ្លាប់បានឆ្លងកាត់នូវអ្វីដែលមនុស្សលោកយើង បាននិងកំពុងធ្វើផងដែរ នោះគឺការធ្វើឲ្យជីវិតរស់នៅកាន់តែមានរយៈពេលខ្លី…។ ពួកអេលៀនទាំងនោះប្រហែល​មានការគិតមិនបានវែងឆ្ងាយ ហើយក៏បានបង្កើតអាវុធដែលបានសម្លាប់ពូជអំបូរខ្លួនឯង រហូតដល់រលំរលាយខ្ទេចអស់តែម្តង…»។

ដូច្នេះតារាវិទូ Avi Loeb បានពន្យល់ថា សកម្មភាពស្វែងរកភពអេលៀន ឬក៏ចង់ដឹងថាភពមួយ​នោះមានអេលៀនធ្លាប់រស់នៅ ឬអាចកំពុងរស់នៅដែរឬអត់នោះ មនុស្សលោកលើផែនដីគួរតែ​តាមដានរកភស្តុតាងនៃការឆាបឆេះស្រទាប់លើនៃភពនោះ ឬក៏អាចជាដាននៃសង្គ្រាម​នុយក្លេអ៊ែរ ដែលមិនខុសពីមនុស្សលោកលើផែនដី កំពុងតែប្រជែងគ្នាផលិតអាវុធនុយក្លេអ៊ែរ និងស្ថិតនៅក្នុងមាត់ជ្រោះនៃសង្គ្រាមនុយក្លេអ៊ែរនោះឡើយ។

គួរបញ្ជាក់ថា ការលើកឡើងរបស់តារាវិទូខាងលើនេះ ទោះបីជាមិនត្រូវចំលើប្រធានបទដើម ទាំងស្រុងក៏ដោយ ក៏មនុស្សគ្រប់គ្នាអាចស្វែងយល់បានថា ហេតុអ្វីបានជាភពអេលៀន ដែលយើងអង្កេតឃើញ អាចគ្មានអេលៀនរស់នៅទៀត។ វាពិតជាមេរៀនដ៏សំខាន់ ព្រោះមនុស្សលោកពេលនេះត្រូវបានអ្នកវិទ្យាសាស្ត្រមើលឃើញថា កំពុងឈានទៅរកទង្វើ​ជាន់ដានពពួកអេលៀន ដែលបានរលំរលាយចេញពីចក្រវាឡនេះទៅហើយ។

ដូច្នេះមេរៀនដ៏ធំមួយនេះ គឺកំពុងបង្រៀនមនុស្សឲ្យបង្កើតទស្សនវិស័យ​កាន់តែវែងឆ្ងាយជាងនេះ និងស្វែងរកផ្លូវប្រសព្វមួយ ដើម្បីរក្សាពូជពង្ស និងអរិយធម៌ដែលយើងខិតខំ​កសាងរាប់ពាន់ឆ្នាំមកនេះឲ្យបន្ត និងពង្រីកបន្ថែមនៅក្នុងចក្រវាឡ។ យើងគួរគិតពីពពួកអេលៀនដ៏ជោគជ័យ ដែលព្យាយាមរក្សាពូជពង្សរបស់គេ ដោយវិធីឆ្លាតវៃ និងរួបរួមគ្នា ដែលអាចកំពុងស្ថិតនៅជ្រុងណាមួយនៃកាឡាក់ស៊ីយើងផងក៏ថាបានដែរ៕

ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ វែបសាយ Space

ចែករំលែក