ប្រទះឃើញផ្កាយដ៏កញ្ជ្រោលមួយក្នុងកាឡាក់ស៊ីយើង ដែលបញ្ចេញអណ្តាតភ្លើងខ្លាំងជាងព្រះអាទិត្យ១សែនដង

0

(បរទេស)៖ អ្នកវិទ្យាសាស្រ្តទំនងជាបានប្រទះឃើញ ផ្កាយនៅឆ្ងាយមួយដួង បញ្ចេញអណ្តាតភ្លើង ដែលមានថាមពលខ្លាំងជាង អណ្តាតភ្លើងដែលព្រះអាទិត្យធ្លាប់បញ្ចេញ រហូតដល់ទៅ ១០០,០០០ដងឯណោះ ដែលនេះជាលទ្ធផលថ្មីមួយធ្វើឲ្យតារាវិទូ ព្យាយាមសិក្សាបន្ថែមអំពីវាទៅថ្ងៃមុខទៀត។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីវែបសាយ Space នៅរសៀលថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០១៩។

អ្នកស្រាវជ្រាវមួយក្រុមនៅសាកលវិទ្យាល័យ Palermo ក្នុងប្រទេសអ៊ីតាលីបានឲ្យដឹងថា ពួកគេបានប្រទះឃើញផ្កាយនៅឆ្ងាយមួយដួង មានបញ្ចេញបន្ទុះអណ្តាតភ្លើងយ៉ាងខ្លាំងក្លាមួយ ដែលអាចធ្វើឲ្យភពល្មមៗ ដែលនៅក្បែរវាទទួលរងវិនាសកម្មបានយ៉ាងងាយ។

គួរជម្រាបថា ផ្កាយខាងលើមានឈ្មោះ HR 9024 ដែលផ្កាយយក្សពណ៌លឿង ម៉ាស់ជិតស្មើនឹងម៉ាស់ព្រះអាទិត្យ ០៣ដង ហើយស្ថិតនៅចម្ងាយ ៤៥៥ឆ្នាំពន្លឺពីភពផែនដី។ ពុំមានការបញ្ជាក់ថា តើផ្កាយ HR 9024 មានភពចំនួនប៉ុន្មានដែលស្ថិតនៅជុំវិញវានោះឡើយ ប៉ុន្តែបើតាមលក្ខណៈកញ្ជ្រោលនៃផ្កាយនេះ បើទោះបីជាមានភពគោចរជុំវិញវា ក៏មិនអាចឲ្យជីវិតអ្វីមួយកើតឡើងនោះដែរ ព្រោះរលកវិទ្យុសកម្ម និងកម្តៅជះចេញនៅក្នុងប្រព័ន្ធរបស់វា គឺខ្លាំងក្លាជាងនៅប្រព័ន្ធព្រះអាទិត្យយើង​រាប់សែនដងទៅហើយ៕

ចែករំលែក