ពពកភពអង្គារស្រដៀងលើផែនដីយើងពេលខ្លះ តាមរយៈរូបដែលយាន Curiosity ទើបថតបាន (រូបភាពខាងក្នុង)

0

(អាមេរិក)៖ យានរុករក Curiosity របស់ទីភ្នាក់ងារអវកាសអាមេរិក NASA មិនមែនចំណាយពេលឈ្ងោកមើលតែដីលើភពអង្គារ (Mars) នោះទេ ពេលខ្លះវាក៏ងើយមើលលើមេឃម្តងម្កាលដែរ ហើយអ្វីដែលវាថតបាននោះ គឺដូចស្រដៀងនឹងស្ថានភាពពេលខ្លះលើផែនដីយើងដែរ។

កាលពីថ្ងៃទី០៧ និងថ្ងៃទី១២ នៃខែឧសភា យាន Curiosity បានងើយកវាក្រឡេកមើលទៅលើផ្ទៃមេឃ នៃភពក្រហម ដែលវា កំពុងស្ថិតនៅដើម្បីសិក្សាស្រាវជ្រាវ ដោយអំឡុងនោះ Curiosity បានផ្តិតយករូបភាពគួរឲ្យទាក់ទាញ នៃដុំពពករសាត់អន្លាយ នៅក្នុងបរិកាសរបស់ភពអង្គារ។ មើលទៅដុំពពកទាំងនោះ ស្ថិតនៅកម្ពស់ប្រហែល ៣១គីឡូម៉ែត្រពីផ្ទៃដី និងផ្សំឡើងពីទឹកកក។

ខណៈប្រភេទដុំពពកខាងលើ ក៏មានវត្តមាននៅលើភពផែនដីយើងដែរនោះ មិនមែនមានន័យថា បរិយាកាសភពទាំងពីរ មានលក្ខណៈស្រដៀងគ្នាឡើយ។ បរិយាកាសរបស់ Mars គឺស្តើងជាងបរិកាសផែនដីដល់ទៅ ១០០ដង និងភាគច្រើនផ្ទុកទៅដោយឧស្ម័នកាបូនឌីអុកស៊ីដ រួមជាមួយវត្តមានអុកស៊ីសែនបន្តិចបន្តួចប៉ុណ្ណោះ ខណៈបរិយាកាសភពយើងវិញ គឺមានអាសូត ៧៨ភាគរយ និងអុកស៊ីសែន ២១ភាគរយ រួមជាមួយឧស្ម័នជាច្រើនមុខផ្សេងទៀត។

គួរជម្រាបថា យាន Curiosity បានចុះទៅដល់តំបន់រណ្តៅ Gale Crater នៅលើភពអង្គារ ដែលមានមុខកាត់ប្រវែង ១៥៤គីឡូម៉ែត្រ កាលពីសីហា ឆ្នាំ២០១២ ក្រោមកម្មវត្ថុកំណត់ថា តើតំបន់នេះធ្លាប់មានពពួកមីក្រូសារពាង្គរស់នៅដែរឬក៏អត់ ខណៈភស្តុតាងដែលវារកឃើញ អំឡុងពេលប៉ុន្មានឆ្នាំកន្លងទៅនេះ បានបង្ហាញថាគឺធ្លាប់៕

ប្រភព៖ វែបសាយព័ត៌មាន Space (ដកស្រង់នៅថ្ងៃសៅរ៍ ទី០១ ខែមិថុនា ឆ្នាំ២០១៩)

ចែករំលែក