អូស្ត្រាលីបកស្រាយការពិតនៃហ្វូស៊ីលដាយណូស័រមួយក្រុម ដែលត្រូវបានរកឃើញដ៏កម្របំផុត

0

(ស៊ីដនី)៖ គ្រោងឆ្អឹងរបស់សត្វដាយណូស័រមួយក្រុម ដែលគេរកឃើញតាំងពីយូរមកហើយ នឯទីក្រុង Lightning Ridges ប្រទេសអូស្រ្តាលី តាមពិតគឺជាមិនត្រឹមជារបស់ សត្វដាយណូស័រអម្បូរថ្មីមួយប៉ុណ្ណោះទេ តែពួកវាក៏ជាភស្តុតាងនៃ​ហ្វូងដាយណូស័រដំបូង ដែលត្រូវបានរកឃើញ​នៅក្នុង ទឹកដីអូស្រ្តាលីផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ២០១៩។

ការសិក្សាវិភាគថ្មីៗនេះបានបង្ហាញថា គ្រោងឆ្អឹង ឬហ្វូស៊ីលដែលគេបានរកឃើញ​តាំងតែពីប៉ុន្មានទសវត្សរ៍មុន គឺមកពីសត្វដាយណូស័រចំនួន ០៤ក្បាលផ្សេងគ្នា នៃអម្បូរថ្មីសន្លាងមួយហៅថា Fostoria dhimbangunmal ដែលត្រូវបានយកតាម​អ្នករុករករ៉ែត្បូង Opal គឺលោក Robert Foster ដែលជាបានរកឃើញពួកវា កាលពីទសវត្សរ៍ឆ្នាំ១៩៨០ និងតាមឈ្មោះជនជាតិដើមរស់នៅក្នុងតំបន់ ដែលហ្វូស៊ីលទាំងនោះត្រូវបានរកឃើញ។

គួរជម្រាបថា អម្បូរសត្វដាយណូស័រ Fostoria ធ្លាប់រស់នៅលើផែនដីយើងកាលពី ១០០លានឆ្នាំមុន ដោយពួកវាមានជើងពីរ ស៊ីរុក្ខជាតិអាហារ ហើយទំនងរស់នៅលក្ខណៈជាហ្វូង ដើម្បីការពារខ្លួនពីពពួកដាយណូស័រស៊ីសាច់។ របកគំហើញនេះ គឺជាដំណឹងធំមួយ សម្រាប់អូស្រ្តាលីដែរ ព្រោះអូស្រ្តាលីមិនសូវមានដាយណូស័រ ដូចតំបន់ដទៃទៀតដូចជាចិន ឬក៏អាហ្រ្វិកឡើយ៕

ចែករំលែក