នាឡិកាអាតូមិកអវកាសមិនធ្លាប់មាន នឹងត្រូវធ្វើតេស្តក្នុងពេលឆាប់ៗខាងមុខនេះ!

0

(អាមេរិក)៖ នាឡិកាអាតូមិកថ្មីមួយ (នាឡិកាអវកាស) ដែលរចនាឡើងដើម្បីជួយយានអវកាស ឲ្យធ្វើដំណើរដោយស្វ័យប្រវត្តិក្នុងទីអវកាស នឹងត្រូវធ្វើតេស្តជាលើកដំបូងក្នុងពេលឆាប់ៗ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Space នៅថ្ងៃសៅរ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៩។

នាឡិកាអាតូមិកឈ្មោះថា Deep Space Atomic Clock របស់អង្គការ NASA នឹងត្រូវសាកល្បងបញ្ជូនឡើងគន្លងអវកាសរបស់ផែនដី នៅថ្ងៃទី២២ ខែមិថុនានេះ តាមរយៈគ្រាប់រ៉ុក្កែត Falcon Heavy របស់ក្រុមហ៊ុន SpaceX។ នាឡិកាពិសេសនេះនឹងធ្វើ ប្រតិបត្តិការរយៈពេល ០១ឆ្នាំក្នុងទីអវកាស ដើម្បីធ្វើតេស្តលើបច្ចេកវិទ្យាដែលត្រូវបានរចនាឡើង ដើម្បីជួយឲ្យការធ្វើដំណើរក្នុងលំហអវកាស កាន់តែមានប្រសិទ្ធភាពជាងមុន។

នាឡិកាអាតូមិករក្សាពេលវេលា តាមរយៈការវាស់ស្ទង់លើរំញ័រធម្មជាតិរបស់អាតូម។ យានអវកាសជាច្រើនមានបំពាក់វា ដូចជាផ្កាយរណបជាដើម ប៉ុន្តែមិនមែនសម្រាប់ការធ្វើដំណើរនោះទេ គឺសម្រាប់ឲ្យយើងដឹងទីតាំងរបស់ខ្លួន តាមរយៈប្រព័ន្ធ GPS។ សម្រាប់យានដែលធ្វើដំណើរទៅទីឆ្ងាយក្នុងលំហអវកាស អ្នកគ្រប់គ្រងនៅលើផែនដី ត្រូវតែបាញ់បញ្ជូនឃ្លាបញ្ជាទៅកាន់ពួកវា ខណៈវីធីសាស្រ្តនេះគឺកាន់តែស៊ីពេលទៅៗ នៅពេលដែលយានទាំងនោះ ស្ថិតនៅកាន់តែឆ្ងាយពីភពរបស់យើង។ ដូច្នេះហើយទើបអង្គការ NASA អភិវឌ្ឍន៍ Deep Space Atomic Clock នេះឡើងដើម្បីបង្រួញពេលវេលា។

គួរជម្រាបថា នៅថ្ងៃទី២២ ខែមិថុនា មិនមែនមានតែ Deep Space Atomic Clock ដែលនឹងត្រូវបាញ់បង្ហោះនាឱកាសនោះទេ ដោយវាក៏នឹងមានការពិសោធន៍ធ្វើតេស្ត​លើបច្ចេកវិទ្យាផ្នែកអវកាស​ជាច្រើនផ្សេងទៀតផងដែរ៕

ចែករំលែក