ថ្ងៃទី១០ ខែមិថុនានេះ ភពព្រហស្បតិ៍ខិតមកជិតផែនដីបំផុត, បើមានកែវយឺតល្មមៗអ្នកអាចឃើញព្រះច័ន្ទទាំងបួនថែមទៀត

0

(អាមេរិក)៖ ជាដំណឹងពិសេសសម្រាប់អ្នកចូលចិត្តមើល ទិដ្ឋភាពលើមេឃពេលរាត្រី នៅក្នុងខែមិថុនានេះ ភពព្រហស្បតិ៍ (Jupiter) នឹងបង្ហាញខ្លួនយ៉ាងច្បាស់ ហើយបើសិនជាចង់មើលឃើញព្រះច័ន្ទទាំង ៤ របស់វាទៀតនោះ គឺយើងត្រូវការតែកែវឆ្លុះ Binocular ប៉ុណ្ណោះអាចឃើញបានហើយ ក្នុងឱកាសដែលវាខិតមកជិតផែនដីបំផុតគឺក្បែរហ្នឹង ៦៣០លានគីឡូម៉ែត្រ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​វែបសាយព័ត៌មាន CNN នៅថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៩។

ទីភ្នាក់ងារអវកាសអាមេរិក NASA បានឲ្យដឹងថា ភពព្រហស្បតិ៍ នឹងបញ្ចេញពន្លឺខ្លាំង និងមើលទៅធំបំផុតក្នុងខែមិថុនានេះ ហើយ ពួកយើងទាំងអស់គ្នាអាចអង្កេតមើលវាបានយ៉ាងច្បាស់ ដោយត្រូវការឧបករណ៍តិចតួចប៉ុណ្ណោះ។ និយាយរួមវាអាចត្រូវមើលឃើញដោយភ្នែកទទេ តែបើមានកែវឆ្លុះ Binocular ឬក៏កែវយឺត Telescope តូចល្មមមួយ គឺយើងអាចឃើញព្រះច័ន្ទធំបំផុតទាំង ៤ របស់វាបានថែមទៀតផង។ ក្រៅពីភពព្រហស្បតិ៍ ភពមួយចំនួនទៀតដូចជា ភពសៅរ៍ (Saturn) ភពសុក្រ (Venus) ភពពុធ (Mercury) និងភពអង្គារ (Mars) នឹងតែងតែបង្ហាញខ្លួនបញ្ចេញពន្លឺនាពេលរាត្រី ដូចទៅនឹងដួងផ្កាយយ៉ាងដូច្នោះដែរ។

គួរជម្រាបថា អង្គការ NASA បានចំណាយពេលជាច្រើនឆ្នាំដើម្បីសិក្សាទៅលើភពព្រហស្បតិ៍ តាមរយៈយានអវកាសឈ្មោះថា Juno ដែលត្រូវបានបញ្ជូនចេញពីផែនដីកាលពីឆ្នាំ២០១១ និងកំពុងបន្តធ្វើការសិក្សានៅក្បែរភពព្រហស្បតិ៍រហូតមកទល់បច្ចុប្បន្ន។ Juno បានទៅដល់គោលដៅរបស់វាកាលពីខែកក្កដា ឆ្នាំ២០១៦ ដើម្បី ជួយអ្នកវិទ្យាសាស្រ្តស្វែងយល់ពីភពឧស្ម័នយក្សនេះ។

បញ្ជាក់៖ នៅពេលរាត្រីដែលមានមេឃស្រឡះរៀងរាល់យប់ នៅក្នុងអំឡុងខែមិថុនានេះ លោកអ្នកអាចងើយមើលទៅលើផ្ទៃមេឃ ទៅទិញខាងកើតឈាងខាងត្បូងបន្តិច ចាប់ពីវេលាម៉ោង ៨៖០០នាទី ទៅ ៩៖០០នាទី ដែលភពព្រហស្បតិ៍ចាប់ផ្តើមរះសន្សឹមៗឲ្យយើងឃើញ។ ពន្លឺភពព្រហស្បតិ៍គឺមានពណ៌ស និងនឹងនរ ហើយអ្វីដែលងាយចំណាំនោះគឺវាភ្លឺជាងគេទាំងអស់ (លើកលែងតែព្រះច័ន្ទ) នាពេលរះឡើងនោះ៕

ចែករំលែក