អាចម៍ផ្កាយធំមួយបានបុក Vesta កាលពី៤.៥លានឆ្នាំមុន ហើយបំណែកជាច្រើនបានខ្ទាត និងធ្លាក់លើភពផែនដី

0

(តូក្យូ)៖ ប្រភេទបំណែកអាចម៍ផ្កាយដ៏កម្រ ដែលមានសមាសធាតុផ្សំពីថ្ម និងលោហៈធាតុលាយឡំបញ្ចូលគ្នា ដែលគេប្រទះឃើញនៅលើផែនដីយើង ទំនងជាបានកកើតឡើងនៅពេលអាចម៍ផ្កាយយក្ស Vesta បានទទួលរងការប៉ះទង្គិចដ៏ខ្លាំងក្លាមួយ​កាលពីរាប់លានឆ្នាំមុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space នៅថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០១៩។

យោងតាមការសិក្សាថ្មីមួយដោយ ក្រុមអ្នកវិទ្យាសាស្រ្តផ្នែកភព នៅឯវិទ្យាស្ថានបច្ចេកវិទ្យាទីក្រុងតូក្យូ ហេតុការណ៍ប៉ះទង្គិចគ្នានោះបានកើតឡើងកាលពីជាង ៤.៥ពាន់លានឆ្នាំមុន ពេលដែលអាចម៍ផ្កាយ Vesta និងដុំថ្មយក្សមួយដែលទំហំតូចជាងខ្លួនវាប្រហែល ១០ដងបានបុកវា។

ប្រភេទបំណែកអាចម៍ផ្កាយដែលធ្លាក់នៅលើផែនដីមាន ០៣ក្រុមធំៗ គឺបណ្តុំថ្ម បណ្តុំលោហៈ និងបណ្តុំថ្មលាយឡំនឹងលោហៈ។ ពពួកថ្មដែលជាក្រុមសម្បូរជាងគេ គឺកកើតឡើងពីស្រទាប់ក្រៅបំផុតរបស់អាចម៍ផ្កាយ ឬក៏ភពរីឯពពួកលោហៈ គឺកកើតឡើង ពីស្នូលរបស់អាចម៍ផ្កាយ ឬភព។ សម្រាប់ពពួកថ្មលាយឡំជាមួយលោហៈវិញ គឺជាប្រភេទកម្រជាងគេ ព្រោះសមាសធាតុវាគឺបានមកពីស្រទាប់ថ្មផ្នែកខាងក្រៅ ព្រមទាំងស្នូលលោហៈរបស់អាចម៍ផ្កាយ ឬក៏ភពមួយ។

តាមរយៈការវិភាគយ៉ាងល្អិតល្អន់ទៅលើបំណែកអាចម៍ផ្កាយ ប្រភេទថ្មលាយលោហៈចំនួន ០៥ ដែលត្រូវបានរកឃើញនៅក្នុងប្រទេសឈីលី, នៅរដ្ឋ Iowa របស់អាមេរិក និងនៅភាគពាយ័ព្យអាហ្រ្វិក កាលពីចន្លោះឆ្នាំ១៨៦១ និងឆ្នាំ២០១៤ ក្រុមអ្នកវិទ្យាសាស្រ្តខាងលើ ក៏បានសន្និដ្ឋានថា សមាសធាតុផ្សំនៅក្នុងបំណែកអាចម៍ផ្កាយទាំងនោះ គឺបានមកពីអាចម៍ផ្កាយមួយមានមុខកាត់ប្រវែងប្រហែល ៥៣០គីឡូម៉ែត្រ ដែលត្រូវគ្នាជាមួយទំហំរបស់ Vesta ហើយពួកវាបានកកើតឡើងកាលពី ៤.៥ពាន់លានឆ្នាំមុន។

គួរជម្រាបថា អាចម៍ផ្កាយ Vesta គឺជាដុំថ្មយក្សធំបំផុតទីពីរ បន្ទាប់ពី Ceres នៅឯតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ Asteroid Belt ដែលនៅចន្លោះភពអង្គារ (Mars) និងភពព្រហស្បតិ៍ (Jupiter)។ Vesta ត្រូវបានគេប្រទះឃើញជាលើកដំបូង​តាំងតែពីឆ្នាំ១៨០៧ មកម្ល៉េះ ដោយតារាវិទូជនជាតិអាល្លឺម៉ង់ឈ្មោះ Heinrich Wilhelm Olbers ហើយឈ្មោះរបស់វាគឺត្រូវបានយកតាមឈ្មោះ របស់អាទិទេពក្នុងទេវកថារ៉ូម៉ាំង៕

ចែករំលែក