លទ្ធផលសិក្សាថ្មី៖ ចំនួនភពដែលអាចមានជីវិតអេលៀន ថយចុះជាងការរំពឹងទុកពីមុន

0

(អាមេរិក)៖ ការសិក្សាថ្មីមួយបានបង្ហាញថា ភពដែលមានលាក់ពួនទម្រង់ជីវិតអេលៀន អាចមានចំនួនតិចជាងអ្វីដែលយើងទាំងអស់គ្នាធ្លាប់រំពឹងទុក។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីវែបសាយព័ត៌មាន Space នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០១៩។

ការសិក្សាខាងលើបានលើកឡើងថា កន្លងមកអ្នកវិទ្យាសាស្រ្តបានឲ្យនិយមន័យ «តំបន់អាចទ្រទ្រង់ជីវិតបាន (Habitable Zone)» ដោយផ្អែកលើចម្ងាយរវាងភព និងផ្កាយរបស់វា។ ភពដូចជាផែនដីយើងជាដើម ដែលគោចរនៅចម្ងាយសមរម្យមួយ ដើម្បីទទួលបានសីតុណ្ហភាពល្មម សម្រាប់ឲ្យទឹករាវមានវត្តមាននៅលើផ្ទៃខាងលើ នឹងត្រូវចាត់ទុកថា អាចមានលទ្ធភាពទ្រង់ទ្រង់ជីវិតបាន។

ប៉ុន្តែខណៈនិយមន័យនេះ អាចប្រើប្រាស់បានជាទូទៅ គឺសម្រាប់តែពពួកមីក្រុបដែលមានកោសិការតែមួយ វាពុំអាចប្រើសម្រាប់ ទម្រង់ជីវិតដែលមានភាពស្មុគស្មាញ ដូចជាជីវិតឆ្លាតវៃបានឡើយ។ ដូច្នេះហើយនៅពេលយើងគិតបញ្ចូលពីកត្តានេះ តំបន់ Habitable Zone គឺត្រូវបានបង្រួញកាន់តែខ្លាំងជាងមុន ដើម្បីធ្វើការកំណត់អំពីស្ថានភាពនៃជីវិត ប្រសិនជាភពណាមួយនោះមានលទ្ធភាពអាចទ្រទ្រង់ជីវិតបាន។

គួរជម្រាបថា ប្រការខាងលើនេះនឹងធ្វើឲ្យផ្កាយមួយចំនួន ដែលកន្លងមកអ្នកវិទ្យាសាស្រ្តធ្លាប់គិតថា មានតំបន់ដែលអាចទ្រទ្រង់ជីវិតបានបែរទៅជាមិនអាចមានជីវិតទៅវិញ ដោយក្នុងនោះរួមមានប្រព័ន្ធផ្កាយ Proxima Centauri (នៅជិតផែនដីបំផុតជាង ៤ឆ្នាំពន្លឺ) និង TRAPPIST-1 នៅចម្ងាយ ៤០ឆ្នាំពន្លឺពីព្រះអាទិត្យយើង៕

ចែករំលែក