ចាប់តាំងពីដំណើរការមក ចានតេឡេស្កូបយក្សចិនប្រទះឃើញតារា Pulsar ចំនួនជាង៨០ហើយ

0

(ប៉េកាំង)៖ ចានតេឡេស្កូបយក្សរបស់ចិនមានឈ្មោះកាត់ថា FAST បានប្រទះឃើញតារា Pulsar ថ្មីសរុបចំនួន ៨៤ហើយ តាំងតែពីវាបានចាប់ផ្តើមប្រតិបត្តិការជាការសាកល្បងកាលពីខែកញ្ញា ឆ្នាំ២០១៦។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែកក្កដា ឆ្នាំ២០១៩។

 

តារា Pulsar គឺជាពពួកផ្កាយណឺត្រុងពណ៌ស (Neutron Star ឬ White Dwarf) ដែលបញ្ចេញកាំពន្លឺថាមពលអេឡិចត្រូម៉ាញេទិចទៅក្នុងទីអវកាស ហើយយើងអាចមើលឃើញថាមពលនេះ លុះត្រាតែវាបាញ់សំដៅមករកផែនដី។ ផ្កាយណឺត្រុង គឺស្នូលរបស់ផ្កាយយក្សធំៗ ដែលជាទូទៅមានម៉ាសទំហំចន្លោះពី ១០ដង-២៩ដង នៃម៉ាសព្រះអាទិត្យ ហើយវាកកើតឡើងក្រោយឆ្លងកាត់បាតុភូត «បន្ទុះស៊ូភើណូវ៉ា» គឺបន្ទាប់ពីផ្កាយទាំងនោះអស់អាយុ។ បើផ្កាយធំៗជាងនេះទៅទៀតវិញនោះ ពួកវានឹងផ្តល់កំណើត ទៅជាប្រហោងខ្មៅ ដែលគេហៅថា Black Hole ជាមិនខាន។

ការអង្កេតតារា Pulsar គឺជាកិច្ចការយ៉ាងសំខាន់មួយសម្រាប់ចានតេឡេស្កូប FAST ដែលអាចប្រើដើម្បីផ្ទៀងផ្ទាត់ពីវត្តមានរបស់រលកទំនាញ Gravitational Wave និងប្រហោងខ្មៅ ក៏ដូចជាជួយដោះស្រាយចម្ងល់ជាច្រើនផ្សេងទៀតទាក់ទងនឹងរូបវិទ្យា។ តារា Pulsar ក៏ត្រូវអ្នកវិទ្យាសាស្រ្តជឿជាក់ថា ជាប្រភពមួយនៃវត្តមានកាំរស្មីវិទ្យុសកម្ម ដែលពោរពេញដោយថាមពលក្នុងទីអវកាសហៅថា Gamma Ray ផងដែរ។

គួរជម្រាបថា ចានតេឡេស្កូប FAST ដែលស្ថិតនៅខេត្ត គួយចូវ (Guizhou) ភាគនិរតីប្រទេសចិន និងមានទំហំធំជាងគេបង្អស់លើលោកជាមួយមុខកាត់ ៥០០ម៉ែត្រ។ វាមិនមែនជាទីកន្លែងសម្រាប់​តែក្រុមតារាវិទូ និងអ្នកវិទ្យសាស្ត្រចិននោះឡើយ ប៉ុន្តែចានតេឡេស្កូបនេះគឺស្ថិតក្នុងកិច្ចសហការ​ជាមួយស្ថាប័នតារាសាស្ត្រ និងវិទ្យាសាស្ត្រអន្តរជាតិជាច្រើន ដើម្បីសិក្សារួមគ្នាពីរបកគំហើញថ្មីៗ​នៅទីអវកាស ជាពិសេសគឺពាក់ព័ន្ធនឹងវិស័យតារាសាស្ត្រនេះតែម្តង៕

ចែករំលែក