ប្រាក់ចំណេញរបស់ Samsung នឹងធ្លាក់ចុះរហូតដល់ ៥៦% ដោយសារតម្រូវការបន្ទះឈីបធ្លាក់ចុះយ៉ាងគំហុក

0

(សេអ៊ូល)៖ ក្រុមហ៊ុន Samsung នាថ្ងៃសុក្រនេះបានប្រកាសថា ប្រាក់ចំណេញរបស់ក្រុមហ៊ុនសម្រាប់ត្រីមាសទីពីរឆ្នាំនេះនឹងធ្លាក់ចុះ ៥៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារតែតម្រូវការទីផ្សារបន្ទះ memory chip មានការអន់ថយខ្លាំង។

ប៉ុន្មានឆ្នាំកន្លងទៅនេះ ក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូន ព្រមទាំងបន្ទះ memory chip ធំជាងគេបង្អស់នៅលើពិភពលោក គឺធ្លាប់តែទទួលបានប្រាក់ចំណេញខ្ពស់ ទោះបីជាប្រឈមបញ្ហាមួយចំនួនក៏ដោយ ប៉ុន្តែពេលនេះហាក់មិនដូចមុនឡើយ ខណៈតម្លៃបន្ទះឈីបទាំងនោះត្រូវធ្លាក់ចុះយ៉ាងគំហុក ដោយសារតែទំហំនៃការផ្គត់ផ្គង់នៃក្រុមហ៊ុន​ផ្សេងទៀតមានការកើនឡើងជាសកល ស្របពេលដែលទំហំនៃតម្រូវការទីផ្សារ​បែរជាបានចុះខ្សោយខ្លាំង។ ប្រាក់ចំណេញពីរភាគរយបីរបស់ Samsung គឺបានមកពីការលក់បន្ទះ memory chip។

គួរជម្រាបថា បើតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Samsung ប្រាក់ចំណេញរបស់ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូងមួយនេះ សម្រាប់ខែមេសា ដល់ខែមិថុនាកន្លងទៅនឹងមានទំហំ ៥.៦ពាន់លានដុល្លារ ដែលជាការថយចុះ ៥៦ភាគរយធៀបនឹងកំឡុងពេលដូចគ្នានៃឆ្នាំ២០១៨។

រីឯប្រាក់ចំណូលវិញក៏នឹងត្រូវធ្លាក់ចុះ ៤.២ភាគរយផងដែរនៅមកនៅជិត ៤៨ពាន់លានដុល្លារ។ យ៉ាងណាមិញនេះគឺជារបាយការណ៍បឋម ខណៈក្រុមហ៊ុន Samsung នឹងចេញរបាយការណ៍ចុងក្រោយ ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ៕

ចែករំលែក