យានអវកាសអឺរ៉ុប-រុស្ស៊ី ដែលត្រៀមបាញ់បញ្ជូនទៅភពអង្គារនោះ កំពុងជួបបញ្ហាហើយ

0

(អឺរ៉ុប)៖ ការអភិវឌ្ឍយានអវកាសរបស់អឺរ៉ុប និងរុស្ស៊ី សម្រាប់បេសកកម្មទៅកាន់ភពអង្គារ (Mars) កំពុងប្រឈមបញ្ហា ដោយសារខណៈឆ័ត្រយោងដែលមានតួនាទីបង្អង់ល្បឿន ពេលទម្លាក់ខ្លួនចុះចតរបស់យាននោះ បានរងការខូចខាតកំឡុងពេលធ្វើតេស្តកន្លងទៅនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយព័ត៌មាន Space News នៅថ្ងៃសុក្រ ទី០៥ ខែកក្កដា ឆ្នាំ២០១៩។

កាលពីចុងខែមិថុនា ទីភ្នាក់ងារអវកាសអឺរ៉ុប ESA បានឲ្យដឹងថា ប្រព័ន្ធឆ័ត្រយោងចំនួនពីររបស់យានខាងលើ បានរងការខូចខាតកំឡុងការធ្វើតេស្តមួយ កាលពីចុងខែឧសភា ដែលប្រព្រឹត្តទៅនៅប្រទេសស៊ុយអែត។ ប្រព័ន្ធឆ័ត្រយោងទាំងនេះ នឹងត្រូវបំពាក់លើយាន ExoMars 2020 ដើម្បីជួយដល់ការចុះចតរបស់វា។

យានអវកាសខាងលើ ប្រើប្រព័ន្ធឆ័ត្រយោងសំខាន់ចំនួនពីរ។ ឆ័ត្រយោងទីមួយ ដែលមានមុខកាត់ ១៥ម៉ែត្រ ត្រូវបញ្ចេញនៅពេលយាន ExoMars 2020 ទម្លាក់ខ្លួនក្នុងល្បឿនកម្រិត supersonic ក្នុងបរិយាកាសដ៏ស្តើងរបស់ភពអង្គារ រីឯឆ័ត្រយោងទីពីរដែលមានមុខកាត់ ៣៥ម៉ែត្រ នឹងត្រូវបញ្ចេញតាមក្រោយទៀត នៅពេលល្បឿនរបស់វាបានថយមកនៅត្រឹមកម្រិត subsonic។

បើតាម ESA កំឡុងការសាកល្បងប្រព័ន្ធឆ័ត្រយោងទាំងនេះ កាលពីថ្ងៃទី២៨ ខែឧសភា ឆ័ត្រយោងទីមួយបានរងការដាច់រហែកជាច្រើនកន្លែង ហើយឆ័ត្រយោងទីពីរ បានរហែកមួយកន្លែង ខណៈបន្ទុករបស់ពួកវាសុទ្ធតែមិនទាន់ដល់កម្រិតអតិបរមាដូចគ្នា ។ យ៉ាងណាមិញ ទីភ្នាក់ងារអវកាស ESA គ្រោងនឹងធ្វើតេស្តប្រព័ន្ធឆ័ត្រយោងទាំងពីរ ចំនួន០២លើកទៀតក្នុងឆ្នាំ២០១៩នេះ។

គួរជម្រាបថា យាន ExoMars 2020 មានផ្ទុកគ្រឿងយន្តសរុបចំនួន ០២គ្រឿង ដោយមួយគ្រឿងគឺជាយានធំសម្រាប់ចុះចតឈ្មោះថា Kazachok របស់រុស្ស៊ី ហើយវានឹងនាំយកទៅកាន់ផ្ទៃភពអង្គារ នូវយានដែលអាចផ្លាស់ទីបានរបស់អឺរ៉ុបឈ្មោះថា Rosalind Franklin។ បេសកកម្ម ExoMars 2020 នឹងត្រូវចេញដំណើរពីផែនដីនៅខែកក្កដា ឆ្នាំ២០២០ ហើយចុះទៅដល់ភពអង្គារនៅខែមីនា ឆ្នាំ២០២១ នៅតំបន់ Oxia Planum។

បេសកកម្មនេះ នឹងក្លាយជាការព្យាយាមលើកទីពីររបស់ ទីភ្នាក់ងារអវកាស ESA ក្នុងការ បញ្ជូនយានឲ្យចុះទៅដល់ភពអង្គារ ក្រោយនៅខែតុលា ឆ្នាំ២០១៦ យានមួយឈ្មោះថា Schiaparelli របស់ ESA បានធ្លាក់ខ្ទេចលើផ្ទៃភពអង្គារ កំឡុងពេលទម្លាក់ខ្លួនព្យាយាមចុះចតនៅទីនោះ និងបានធ្វើគំរោងមានតម្លៃខ្ទង់ ១ពាន់លានដុល្លារ នោះត្រូវរលាយសាបសូន្យ៕

ចែករំលែក