មហិច្ឆតារបស់ចិនឆ្ពោះទៅកាន់ភពព្រះអង្គារ! យាននឹងត្រូវបាញ់បង្ហោះនៅឆ្នាំ២០២០ និងទៅដល់ភពអង្គារនៅឆ្នាំ២០២១

0

(ប៉េកាំង)៖ គ្រប់គ្នាពិតជាមិនអាចប្រកែកបានឡើយ ពេលឃើញយានរបស់ចិនជាច្រើនគ្រឿង បាននិងកំពុងគោចរ និងបរកាត់នៅលើឋានព្រះច័ន្ទ ជាពិសេសយានឆាងអឺ-៤ ដែលបានចុះចតនៅលើផ្ទៃម្ខាងទៀតរបស់ព្រះច័ន្ទ ដែលគ្មានប្រទេសធំៗណាផ្សេងទៀតអាចធ្វើបាននៅឡើយ ប៉ុន្តែនេះគ្រាន់តែជាមហិច្ឆតាធំមួយ ក្នុងចំណោមមហិច្ឆតាធំៗឯទៀតៗរបស់ចិនប៉ុណ្ណោះ ហើយគោលដៅធំធេង និងលំបាកជាងនេះ គឺការស្រាវជ្រាវនៅភពអង្គារនោះតែម្តង។

អ្នកវិទ្យាសាស្ត្រចិនមានសុទិដ្ឋិនិយមខ្ពស់ និងបានសម្លឹងឃើញភាពលំបាក ជាច្រើនរួចមកហើយ ចាប់តាំងពីគំរោងបង្កើតយានឆាងអឺ-១ នៅឆ្នាំ១៩៩៦ ឲ្យទៅកាន់ឋានព្រះច័ន្ទដំបូង ក្នុងរយៈចម្ងាយពីភពផែនដីជាង ៣៨០,០០០គីឡូម៉ែត្រ។ កាលណោះវាពិតជាឆ្ងាយខ្លាំងណាស់ នៅក្នុងការគិតថាអាចមានយានមួយត្រូវបានផលិតដោយចិន និងទៅដល់កន្លែងដែលខ្លួនប៉ងប្រាថ្នា រាប់ពាន់ឆ្នាំមកហើយ នោះគឺព្រះច័ន្ទ ប៉ុន្តែពេលនេះចិនអាចអង្គុយមើលព្រះច័ន្ទ ដោយក្តីមោទនៈ និងដឹងក្នុងចិត្តជានិច្ចថា យានប៉ុន្មានគ្រឿងរបស់ខ្លួនបានបន្សល់ទុកស្នាមកង់នៅលើផ្ទៃព្រះច័ន្ទ ដែលភស្តុតាងនៃសមត្ថភាពរបស់ខ្លួនរួចទៅហើយ។

ចូលមកដល់ពាក់កណ្តាលឆ្នាំ២០១៩ អ្វីៗកាន់តែរំភើបសម្រាប់អ្នករង់ចាំ ប៉ុន្តែជាការភ័យបុកពោះ សម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រចិនទាំងអស់ ព្រោះបាំងតែ១ឆ្នាំទៀតប៉ុណ្ណោះ ចិនត្រូវបញ្ជូនយាន មួយដ៏ថ្មីសន្លាង ដើម្បីពុះជ្រែកទីអវកាសទៅកាន់ភពមួយដែលមានចម្ងាយ ៤០០លានគីឡូម៉ែត្រជាមធ្យមពីភពផែនដីយើង។ វាមិនមែនអាចឲ្យពួកគេ អង្គុយទស្សនាកម្សាន្ត អមដោយការក្រេបទឹកតែក្តៅៗ ពីភពផែនដីទៀតនោះឡើយ ហើយប្រាកដណាស់ក្រុមអ្នកវិទ្យាសាស្ត្រចិន បានចាត់ទុកវាជារឿងឈឺក្បាលធ្ងន់ធ្ងរជាងមុន ប៉ុន្តែក៏ជាការធ្វើតេស្តសមត្ថភាព ដែលមិនអាចរាថយផងដែរ។

គិតចាប់តាំងពីទសវត្សរ៍ ១៩៦០ បេសកកម្មទៅកាន់ភពអង្គារមានចំនួនជាង ៤០លើក ហើយក្នុងនោះប្រមាណតែពាក់កណ្តាលប៉ុណ្ណោះ ដែលបានទទួលជោគជ័យ។ នរណាក៏ដឹងដែរថា សហរដ្ឋអាមេរិក (អង្គការ NASA) ជាអ្នកសកម្មជាងគេកន្លងមក នៅក្នុងការស្រាវជ្រាវភពអង្គារ ដោយមានទាំងក្រុមហ៊ុនឯកជនផងដែរកំពុងចូលរួម (SpaceX)។ ងាកមកមើលប្រទេសចិនវិញ ភពអង្គារហាក់ដូចលំហាត់ដ៏ធំមួយ ខណៈមេរៀននៃភាពបរាជ័យនានា ក៏ខ្លួនត្រូវតែព្យាយាមរៀនសូត្រឲ្យចាំស្ទាត់ ហើយដោយឡែកមេរៀននៃភាពជោគជ័យ ក៏ជាគំរូមិនអាចមើលរំលង សម្រាប់បេសកកម្មទៅភពអង្គារនៅឆ្នាំ២០២០។

អ្វីដែលអ្នកវិទ្យាសាស្ត្រចិនកំពុងតែភ័យព្រួយ នោះគឺបរិយាកាសរបស់ភពព្រះអង្គារ ដែលស្មើតែ១ភាគរយប៉ុណ្ណោះនៃបរិយាកាសផែនដីយើង។ កាលពីបេសកកម្មទៅឋានព្រះច័ន្ទ ក្រុមអ្នកវិទ្យាសាស្ត្រចិនធ្លាប់គិតថា បើសិនជាព្រះច័ន្ទមានបរិយាកាស នោះការបញ្ជាយានទៅចុះចត នៅទីនោះប្រាកដជាងាយស្រួលជាងព្រះច័ន្ទដែលដូចពេលនេះ ប៉ុន្តែចូលមកដល់ភពអង្គារ ដែលមានបរិយាកាសវិញនោះ អ្វីៗបែរជាផ្ទុយពីការគិតពីមុនទាំងស្រុង។

នៅពេលក្រុមអ្នកវិទ្យាសាស្ត្រចិនព្យាយាមអភិវឌ្ឍន៍យាន សម្រាប់បញ្ជូនទៅភពអង្គារ ពួកគេបានស្វែងយល់ថា បរិយាកាសនៃភពអង្គារគឺពិតជាបញ្ហាធំណាស់។ ទោះបីយានមិនត្រូវការឥន្ធនៈច្រើនយកទៅជាមួយ ប៉ុន្តែបរិយាកាសដែលស្មុគស្មាញនេះ គឺអាចបង្កជាបញ្ហាមិនច្បាស់លាស់។ ទោះបីជាបែបនេះក្តី រឿងកាន់តែស្មុគស្មាញ នឹងធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្រកាន់តែស្វាហាប់ ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាឲ្យកាន់តែប្រសើរ។

បេសកកម្មដែលបានគ្រោងទុក រួមមានការទៅគោចរជុំវិញ ការចុះចត និងការចល័តនៅលើផ្ទៃភពអង្គារ។ ប្រសិនបើបេសកកម្មឆ្ពោះទៅកាន់ភពអង្គារ​ទទួលបានជោគជ័យ ក្រុមអ្នកវិទ្យាសាស្រ្តចិនរំពឹងថា នឹងអាចសិក្សាស្វែងយល់អំពីបរិយាកាស ព្រមទាំងលក្ខណៈជាច្រើនទៀតរបស់វា ដែលនឹងជួយផ្តល់តំរុយអំពីដើមកំណើត និងការវត្តន៍របស់ភពអង្គារ ក៏ដូចជាប្រព័ន្ធព្រះអាទិត្យ យើងទាំងមូល។

ទន្ទឹមគ្នានេះគោលដៅចម្បងរបស់បេសកកម្មខាងលើ គឺការតាមរុករកសញ្ញានៃទម្រង់ជីវិតនៅលើភពអង្គារ និងការជួយដល់អ្នកវិទ្យាសាស្រ្តចិនសិក្សាថា តើលក្ខខណ្ឌអាកាសធាតុនៅលើភពអង្គារ នឹងអាចប្រែប្រួលពេលអនាគត ដែលនឹងអនុញ្ញាតឲ្យ ភពនេះទ្រង់ទ្រង់ជីវិតមនុស្សបានដែរ ឬទេ។ បើតាមសេចក្តីរាយការណ៍ព័ត៌មានកន្លងមក ចិនគ្រោងនឹងចេញបេសកកម្មលើកដំបូងរបស់ខ្លួនទៅកាន់ភពអង្គារ នៅកំឡុងខែកក្កដា ឬក៏ខែសីហា ឆ្នាំ២០២០។ បេសកកម្មនេះត្រូវបានគេរំពឹងថា នឹងបាញ់បង្ហោះចេញពីផែនដី ដោយប្រើគ្រាប់រ៉ុក្កែត Changzheng 5 (Long March 5) ផលិតឡើងដោយចិនផ្ទាល់។

គ្រាប់រ៉ុក្កែតនេះត្រូវបានរចនាឡើង ដើម្បីនាំយកយានអវកាស Mars 2020 នោះ ទៅដល់គន្លងអន្តរកាលរវាងផែនដី និងភពអង្គារ ហើយបើតាមការគណនាជាបឋម Mars 2020 ត្រូវចំណាយពេល 0៧ខែ ទើបអាចទៅដល់ផ្ទៃរបស់ភពអង្គារ។ ប្រសិនបេសកកម្មនេះទទួលជោគជ័យ វានឹងចាប់ផ្តើមបាញ់បញ្ជូនទិន្នន័យត្រឡប់មកផែនដីវិញ នៅឆ្នាំ២០២១៕

ប្រភព៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ (ដកស្រង់នៅថ្ងៃអង្គារ ទី០៩ ខែកក្កដា ឆ្នាំ២០

ចែករំលែក