លទ្ធផលចុងក្រោយ៖ «អាចម៍ផ្កាយចម្លែក Oumuamua មិនមែនជាយានអេលៀនអ្វីនោះឡើយ»

0

(បរទេស)៖ វត្តមានរបស់ Oumuamua ដែលជាវត្ថុអវកាសដំបូងគេ មានប្រភពមកពីក្រៅប្រព័ន្ធព្រះអាទិត្យ កាលពីឆ្នាំ២០១៧ បានបង្កភាពភ្ញាក់ផ្អើលជាខ្លាំង នៅក្នុងសហគមន៍អ្នកវិទ្យាសាស្រ្តរហូតដល់មានអ្នកខ្លះសង្ស័យថា វត្ថុចម្លែកនេះតាមពិតអាចជាយានអវកាស ដែលពួកជីវិតអេលៀនដ៏ឆ្លាតវៃណាមួយ បានបញ្ជូនឲ្យមកឆ្លងកាត់ប្រព័ន្ធព្រះអាទិត្យរបស់យើងថែមទៀត ក៏ប៉ុន្តែការសិក្សាថ្មីមួយ នៅតែជឿជាក់ថា វាគ្រាន់តែជាដុំថ្មអវកាសមួយប៉ុណ្ណោះ។ ។

យោងតាមការសិក្សាខាងលើ ដែលចេញផ្សាយកាលពីដើមខែកក្កដានេះ ក្រុមអ្នកវិទ្យាសាស្រ្តបានលើកហេតុផលតាមលក្ខណៈធម្មជាតិ ដើម្បីបកស្រាយពីចំណុចចម្លែកៗរបស់វត្ថុអវកាស Oumuamua ដែលត្រូវបានគេប្រទះឃើញ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧។ វាជាវត្ថុអវកាសដំបូងបំផុត ដែលអ្នកវិទ្យាសាស្រ្តដឹងថា បានមកហោះកាត់ប្រព័ន្ធព្រះអាទិត្យរបស់យើង។ ព្រោះតែ ល្បឿនលឿនចម្លែករបស់ Oumuamua អ្នកវិទ្យាសាស្រ្តមិនមានពេលច្រើនដើម្បីអង្កេតមើលវា មុនពេលវត្ថុអវកាសនេះ ចាកចេញពីប្រព័ន្ធព្រះអាទិត្យយើងឡើយ ដូច្នេះហើយទើបវាបានបង្កភាពស្រពិចស្រពិលខ្លាំងបែបនេះ។

លទ្ធផលនៃការអង្កេតមួយរយៈខ្លីនោះ បានបង្ហាញថា Oumuamua ទំនងជាមានទំហំតូចល្មមនិងមានពណ៌ក្រហម ហើយរាងដូចបារីស៊ីហ្គា ព្រមទាំងវិល និងប្រែប្រួលគោលដៅក្នុងលក្ខណៈយ៉ាងចម្លែក។ ម៉្យាងវិញទៀត វាក៏មិនច្បាស់នោះដែរថា Oumuamua គឺជាអាចម៍ផ្កាយ ជាផ្កាយដុះកន្ទុយ ឬក៏ជាបំណែករបស់ភព ទើបបណ្តាលឲ្យអ្នកវិទ្យាសាស្រ្តមួយចំនួន លើកឡើងថា វា អាចជាយានរបស់អេលៀន។ យ៉ាងណាមិញ ការសិក្សាថ្មីបានលើកឡើងនូវបាតុភូតធម្មជាតិជាច្រើន ដែលអាចនៅពីក្រោយ លក្ខណៈប្លែកៗទាំងនេះ និងបានបង្ហាញការជឿជាក់ថា Oumuamua គឺជាដុំថ្មអវកាស ដែលអាចស្រដៀងនឹងផ្កាយដុះកន្ទុយ ដោយមិនមានទាក់ទងអ្វីនឹងអេលៀនឡើយ ទោះបីទ្រឹស្តីអេលៀននេះ គឺជារឿងគួរឲ្យចាប់អារម្មណ៍មួយក្តី។

គួរជម្រាបថា ស្របពេលដែលបច្ចេកវិទ្យាប្រព័ន្ធតេឡេស្កូបបន្តរីកចម្រើនទៅមុខឥតឈប់ឈរ អ្នកវិទ្យាសាស្រ្តមានក្តីរំពឹងខ្ពស់ថា នាថ្ងៃអនាគតពួកគេនឹងអាចប្រទះឃើញវត្ថុស្រដៀងៗនឹង Oumuamua ជាច្រើនទៀត។ តួយ៉ាងប្រព័ន្ធតេឡេស្កូប LSST ដែល បច្ចុប្បន្នកំពុងស្ថិតក្រោមការសាងសង់ក្នុងប្រទេសឈីលី នឹងជួយដល់គោលដៅនេះ នៅពេលវាចាប់ផ្តើមអង្កេតផ្ទៃមេឃនៅឆ្នាំ២០២២៕

ប្រភព៖ វែបសាយ Space (ថ្ងៃអង្គារ ទី០៩ ខែកក្កដា ឆ្នាំ២០១៩)

ចែករំលែក