ទីបំផុតយានអវកាសជប៉ុន Hayabusa-2 ប្រឹងបន្ទាបខ្លួនចុះចតលើអាចម៍ផ្កាយ Ryugu ដើម្បីប្រមូលវត្ថុធាតុត្រឡប់មកផែនដីវិញ

0

(តូក្យូ)៖ យានអវកាសជប៉ុន Hayabusa-2 នាថ្ងៃពុធនេះបានចាប់ផ្តើមបន្ទាបខ្លួនវា​ចុះទៅកាន់អាចម៍ផ្កាយមួយឈ្មោះ Ryugu ដែលស្ថិតនៅចម្ងាយប្រហែល ២៥០លានគីឡូម៉ែត្រ​ពីផែនដីនោះហើយ ដើម្បីប្រមូលយកគំរូតាងផ្សេងៗ ចេញពីរណ្តៅសិប្បនិម្មិតមួយ ដែលវាបានបំផ្ទុះឲ្យបែកកាលពីប៉ុន្មានខែមុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០១៩។

ទីភ្នាក់ងារអវកាសជប៉ុន JAXA បានឲ្យដឹងថា វានឹងក្លាយជាលើកទីពីរហើយ ដែលយាន Hayabusa-2 បានចុះទៅប៉ះផ្ទៃ Ryugu ដោយលើកចុងក្រោយនេះ គឺមានគោលដៅប្រមូលគំរូតាងជាកម្ទេចកម្ទីរផ្សេងៗ ចេញពីរណ្តៅមួយ ដែលត្រូវបានបង្កើតឡើងកាលពីខែមេសា កន្លងទៅ តាមរយៈការបាញ់បំផ្ទុះផ្ទៃរបស់អាចម៍ផ្កាយនោះ។ អ្នកវិទ្យាសាស្រ្តជប៉ុនរំពឹងថា នឹងមានសារធាតុសរីរាង្គព្រមជាតិទឹក នៅផ្ទុកក្នុងគំរូស្លាកស្នាមទាំងនោះ ដែលនឹងជួយដល់ពួកគេក្នុងការទម្លាយអាថ៌កំបាំង ពាក់ព័ន្ធពីដំណើរវត្តន៍របស់ប្រព័ន្ធ និងការចាប់កំណើតដំបូងនៃជីវិត ឬប្រព័ន្ធព្រះអាទិត្យជាដើម។

គួរជម្រាបថា បើតាមទីភ្នាក់ងារ JAXA ជប៉ុន យានអវកាស Hayabusa-2 កំពុងបន្ទាបខ្លួនក្នុងល្បឿន ៤០សង់ទីម៉ែត្រក្នុងមួយវិនាទី ចុះសំដៅទៅផ្ទៃអាចម៍ផ្កាយ Ryugu ពីរយៈកម្ពស់បច្ចុប្បន្នរបស់វា ២០គីឡូម៉ែត្រ ហើយនៅពេលដល់កម្ពស់ត្រឹម ០៥គីឡូម៉ែត្រ វានឹងបង្អង់ល្បឿនមកនៅ ១០សង់ទីម៉ែត្រក្នុងមួយវិនាទី។

បើតាមការគ្រោងទុកនៅចុងឆ្នាំ២០១៩នេះ យាន Hayabusa-2 នឹងត្រូវចាកចេញពីអាចម៍ផ្កាយ Ryugu ដែលស្ថិតនៅចម្ងាយប្រមាណ ៣០០លានគីឡូម៉ែត្រពីផែនដី ហើយនាំយកគំរូតាងដែលវាប្រមូលបាន ត្រឡប់មកដល់ផែនដីវិញនៅខែធ្នូ ឆ្នាំ២០២០។ Hayabusa-2 ត្រូវបានបញ្ជូនចេញពីផែនដីកាលពីដើមខែធ្នូ ឆ្នាំ២០១៤ និងបានទៅដល់អាចម៍ផ្កាយ Ryugu នៅចុងខែមិថុនា ឆ្នាំ២០១៨៕

ចែករំលែក