តាមពិតលលាដ៏ក្បាលមនុស្ស ដែលត្រូវបានរកឃើញនៅអាហ្វ្រិកជាង៤០ឆ្នាំមុន មានអាយុជាងពីរសែនឆ្នាំ

0

(ក្រិច)៖ ក្រុមអ្នកវិទ្យាសាស្រ្តអន្តរជាតិទើបតែបានវាយតម្លៃថា លលាដ៏ក្បាលមនុស្សបុរាណមួយ ដែលគេរកឃើញនៅក្នុង ប្រទេសក្រិចកាលពីប៉ុន្មានទសវត្សរ៍មុន គឺមានអាយុកាល ២១០,០០០ឆ្នាំ និងជាលលាដ៏ក្បាល ដូចហ្នឹងអម្បូរមនុស្សនាសម័យទំនើបនេះដែរ ដែលគេហៅថា ពួកហូម៉ូសេពៀន (Homo sapiens)។ ដូច្នេះហើយវាគឺជារបកគំហើញយ៉ាងសំខាន់មួយ។ នេះបើតាម ការដកស្រង់ការផ្សាយចេញពី​សារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩។

លលាដ៏ក្បាលនោះត្រូវបានគេរកឃើញក្នុងរូងភ្នំមួយ កាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ហើយភ្លាមៗនោះត្រូវគេសន្មត់ថា វាជាលលាដ៏ក្បាលរបស់អម្បូរមនុស្សម៉្យាងហៅថា Neanderthal។ ប៉ុន្តែតាមរយៈការប្រើប្រាស់បច្ចេកទេសវិភាគថ្មីៗ អ្នកវិទ្យាសាស្រ្ត ឥឡូវបានរកឃើញថា តាមពិតទៅវាគឺជាលលាដ៏ក្បាលរបស់ចំណាស់ ២១០,០០០ឆ្នាំរបស់ពួក Homo sapiens ទៅវិញទេ។

របកគំហើញថ្មីនេះបានគាំទ្រដល់ទ្រឹស្តីដែលថា ពួក Homo sapiens បានធ្វើចំណាកស្រុកជាច្រើនដង ទោះបីខ្លះមិនទទួលបានជោគជ័យក៏ដោយ ពីអាហ្រ្វិកមកកាន់តំបន់អឺរ៉ាស៊ី (ទ្វីបអឺរ៉ុប និងអាស៊ីរួមគ្នា) តាំងតែពីរាប់សែនឆ្នាំមុន។ តំបន់អឺរ៉ុបភាគអាគ្នេយ៍ ត្រូវបានគេចាត់ទុកជាយូរណាស់មកហើយថា ជាច្រកផ្លូវដ៏សំខាន់សម្រាប់ឲ្យអម្បូរមនុស្សសម័យទំនើបសព្វថ្ងៃ ធ្វើដំណើរឆ្លងពី អាហ្រ្វិកចូលមក។ ប៉ុន្តែរហូតមកនេះ ភស្តុតាងដែលមានអាយុកាលចាស់បំផុតនៃអម្បូរមនុស្ស Homo sapiens នៅក្នុងតំបន់នេះ មានអាយុកាលត្រឹមប្រហែលជា ៥០,០០០ប៉ុណ្ណោះ។

យ៉ាងណាមិញ ក្រោយការរកឃើញថា លលាដ៍ក្បាលខាងលើដែលមានចំណាស់ ២១០,០០០ឆ្នាំ និងជារបស់ពួក Homo sapiens វាត្រូវគេចាត់ទុកថា ជាតឹកតាងនៃអម្បូរមនុស្សសម័យទំនើប មានអាយុកាលចាស់ជាងគេបំផុត ដែលត្រូវបានរកឃើញនៅក្នុងតំបន់អឺរ៉ាស៊ី ខណៈប្រភពដើមរបស់ពួក Homo sapiens គឺនៅអាហ្រ្វិកខាងកើត៕

ចែករំលែក