ហេតុអ្វីរ៉ែមាស-ប្លាទីនលើភពផែនដី មានច្រើនជាងលើឋានព្រះច័ន្ទ? អ្នកវិទ្យាសាស្ត្របកស្រាយ…

0

(បរទេស)៖ អ្នកវិទ្យាសាស្រ្តបានលើកឡើងនូវហេតុផលមួយចំនួន ដែលធ្វើឲ្យលោហៈធាតុដូចជាមាស និងប្លាទីនជាដើម សម្បូរហូរហៀរខ្លាំងនៅលើផែនដី ជាជាងនៅលើឋានព្រះច័ន្ទ ខណៈវត្ថុធាតុលើព្រះច័ន្ទត្រូវអ្នកវិទ្យាសាស្រ្តជឿជាក់ថា មានប្រភពដើមចេញពីភពរបស់យើងយ៉ាងច្រើន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយ Space នៅថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៩។

បើតាមទ្រឹស្តីរបស់ក្រុមអ្នកវិទ្យាសាស្រ្ត កាលពីប្រមាណ ៤.៥ពាន់លានឆ្នាំមុន ភពមួយទំហំប៉ុនភពអង្គារហៅថា Theia បានមកបុកភពមួយទៀតហៅថា proto-Earth ឬ Gaia ដែលបានវិវត្តន៍ក្លាយទៅជាភពផែនដីបច្ចុប្បន្នយ៉ាងពេញទំហឹង រហូតធ្វើភព Theia បែកខ្ចាត់ខ្ចាយជាបំណែកៗទៅក្នុងទីអវកាស ជាមួយរូបធាតុមួយចំនួនធំរបស់ភព proto-Earth ។ រូបភាពធាតុទាំងនោះខ្លះក៏ត្រូវបាន ភព proto-Earth ស្រូបយកទៅផ្តុំខ្លួនវាវិញ និងខ្លះទៀតក៏បានរួមផ្តុំចូលគ្នា ហើយកើតចេញទៅជាព្រះច័ន្ទដូចសព្វថ្ងៃ។

យ៉ាងណាមិញក្រុមអ្នកវិទ្យាសាស្រ្តជឿថា លោហៈធាតុប្រភេទ Highly Siderophile Element (HSE) ដូចជាមាស និងប្លាទីន មិនទាន់មានវត្តមានកាលពីពេលនោះឡើយ។ លោហៈធាតុទាំងនេះ ទំនងជាត្រូវបាននាំយកមក តាមរយៈការធ្លាក់នៃអាចម៍ផ្កាយ ប៉ុន្តែនៅតែមិនទាន់ច្បាស់ថា ហេតុអ្វីបានជាផែនដីសម្បូរពួកវាខ្លាំងជាងព្រះច័ន្ទ។

យោងតាមលទ្ធផលនៃការសិក្សាថ្មីបានបង្ហាញថា មូលហេតុគឺពាក់ព័ន្ធជាមួយ​កម្លាំងទំនាញខ្សោយរបស់ព្រះច័ន្ទ ធៀបនឹងកម្លាំងទំនាញរបស់ភពផែនដី ដែលធ្វើឲ្យរូបធាតុនានាក្នុងនោះមានទាំងលោហៈធាតុ HSE នាំមកដោយអាចម៍ផ្កាយ​បាត់បង់ទៅក្នុងទីអវកាសវិញ។ កត្តាមួយទៀត គឺទាក់ទិនសមត្ថភាពរក្សាទុកសារធាតុលោហៈ HSE នៅតាមស្រទាប់ព្រះច័ន្ទ អាចទើបតែចាប់ផ្តើមឡើង នៅពេលមហាសមុទ្រម៉ាកម៉ា ដែលគ្របដណ្តប់លើផ្ទៃព្រះច័ន្ទ ចុះត្រជាក់និងកករឹងប៉ុណ្ណោះ ខណៈលោហៈធាតុ HSE ដែលមកដល់ព្រះច័ន្ទមុនពេលនោះ ប្រហែលបានលិចចូលទៅជ្រៅ និងរលាយចូលទៅក្នុងស្នូលរបស់ព្រះច័ន្ទ បាត់អស់ទៅហើយ។

គួរបញ្ជាក់ថា ដំណើររឿងនៃវត្តមានរ៉ែមាស និងប្លាទីនខាងលើនេះ ក៏មិនសូវខុសពីទ្រឹស្តីនៃការនាំឲ្យមានវត្តមានទឹករាវ​នៅលើភពផែនដី និងព្រះច័ន្ទនោះដែរ ដោយក្រុមអ្នកវិទ្យាសាស្ត្រកាលពីទសវត្សរ៍មុនៗបានអះអាងថា ទឹករាវបច្ចុប្បន្ននេះ​ត្រូវបានអាចម៍ ផ្កាយ (មិនដឹងប្រភព) នាំយកមកទម្លាក់លើភពផែនដីជាបន្តបន្ទាប់ ក្នុងរយៈពេលរង្វង់ ២០លានឆ្នាំ ហើយវាក៏អាចធ្លោយទៅធ្លាក់នៅលើព្រះច័ន្ទផងដែរ ទើបព្រះច័ន្ទបច្ចុប្បន្ននេះមានទឹកនៅក្រោមដី៕

ចែករំលែក