បាតុភូតចម្លែក! កែវយឺតអវកាស Hubble ថតបានបណ្តុំពន្លឺដ៏កញ្ជ្រោល ស្ថិតនៅក្បែរៗប្រហោងខ្មៅយក្ស!

0

(អាមេរិក)៖ តារាវិទូអាមេរិកបានប្រើប្រាស់កែវយឺតអវកាស Hubble ឆ្លុះទៅលើប្រហោងខ្មៅយក្សមួយ ដើម្បីធ្វើការបកស្រាយបន្ថែមទៀត អំពីទ្រឹស្តីនៃការកកើតចក្រវាឡយើងនេះ ប៉ុន្តែបែរជាបានប្រទះឃើញបាតុភូតចម្លែកមួយ ដែលមិនគួរឲ្យជឿទៅវិញ។ នេះបើតាមការចេញផ្សាយដោយ Sputnik នាថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៩។

ក្រុមតារាវិទូ និងអ្នកវិទ្យាសាស្ត្រអាមេរិកបានរួមគ្នាធ្វើការអង្កេត ទៅលើកាឡាក់ស៊ីមួយឈ្មោះ NGC 3147 ស្ថិតនៅចម្ងាយ ១៣០លានឆ្នាំពន្លឺពីផែនដីយើង។ នៅក្នុងការសម្លឹងឆ្ពោះទៅកាន់​ប្រហោងខ្មៅយក្សមួយ ដែលជាបេះដូងនៃកាឡាក់ស៊ីមួយនេះ Hubble បានប្រទះឃើញ «បណ្តុំចលនាកញ្ជ្រោលនៃឧស្ម័ន និងធូលីប្រៀបដីដូចបន្ទះឌីស» ដែលមានសកម្មភាពនៅក្នុង​កម្រិតល្បឿនប្រមាណ ១០ភាគរយនៃល្បឿនរបស់ពន្លឺ (ល្បឿនពន្លឺស្មើនឹង ៣សែនគីឡូម៉ែត្រក្នុងមួយវិនាទី)។

ប្រហោងខ្មៅយក្សដែលមានម៉ាសធ្ងន់ជាងព្រះអាទិត្យយើង ២៥០លានដងនោះ គឺកន្លងមក​ត្រូវបានអ្នកវិទ្យាសាស្ត្រអះអាងថា មានពន្លឺជះចេញមកខ្សោយ និងពិបាកក្នុងការអង្កេតណាស់។ ទោះបីជាបែបនេះក្តី ថ្មីៗនេះក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា ប្រហោងខ្មៅយក្សនេះមានទំរង់ស្រដៀងនឹងនំដូណាត់ ឬផេនខេក។

លោក Stefano Bianchi មកពីសាកលវិទ្យាល័យ degli Studi Roma Tre បានលើកឡើង​ជុំវិញរបកគំហើញខាងលើនេះថា «ប្រភេទនៃបណ្តុំ-បន្ទះឧស្ម័ន គឺជាចលនាកញ្ជ្រោលមួយប្រភេទ ដែលយើងមិនធ្លាប់គិតថា អាចមាននោះឡើយ…។ វាគួរតែកើតមានឡើងចំពោះវត្ថុ (ប្រហោងខ្មៅ) ដែលមានពន្លឺភ្លឺជាងនេះពី ១,០០០ដង ទៅ ១០០,០០០ដង…។ ដូច្នេះការព្យាករណ៍កន្លងមក អំពីគំរូនៃចលនាបង្កើតថាមពលនៅក្នុងកាឡាក់ស៊ីនានា គឺខុសទាំងស្រុង»។

គួរបញ្ជាក់ថា បើតាមការអះអាងរបស់ក្រុមអ្នកវិទ្យាសាស្ត្រ បាតុភូតខាងលើនេះគឺជារឿងដ៏​ភ្ញាក់ផ្អើលបំផុតនៅត្រង់ថា មានបណ្តុំនៃចលនាកញ្ជ្រោលរបស់ធូលី និងឧស្ម័នវាងដូចបន្ទះឌីស អាចស្ថិតនៅជិតៗប្រហោងខ្មៅ ហើយវាពិតជាគ្មាននរណាម្នាក់ធ្លាប់គិតដល់​នោះឡើយនៅក្នុងការសិក្សារាប់ទសវត្សរ៍មកនេះ អំពីចលនានៃប្រហោងខ្មៅ។ ពួកគេអាចត្រឹមត្រូវបានពន្យល់ថា «ជាចលនាកញ្ជ្រោលបង្កើតឡើងដោយរង្វិលនៃសារធាតុនានា​នៅក្នុងបន្ទះឌីសដ៏ស្តើងមួយ ដែលស្ថិតនៅជិតបំផុតទៅនឹងប្រហោងខ្មៅ» ប៉ុណ្ណោះ៕

ចែករំលែក