រូបភាពស្ថានីយអវកាស ISS មួយនេះពិតជាអស្ចារ្យណាស់ ដែលវាកម្រនឹងថតបានបំផុត (រូបភាពខាងក្នុង)

0

(បរទេស)៖ ជាទូទៅស្ថានីយអវកាសអន្តរជាតិ ISS តែងតែធ្វើដំណើរឆ្លងកាត់ពីមុខព្រះអាទិត្យ ព្រោះតែវាក្រឡឹងភពផែនដីយើងបានមួយជុំជារៀងរាល់ ៩០នាទីម្តង ក៏ប៉ុន្តែការថតយករូបភាពដ៏ល្អមួយពីផ្ទៃផែនដីនៃទិដ្ឋភាពនោះ គឺជារឿងយ៉ាងកម្រ។ នេះបើតាម ការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០១៩។

អ្នកជំនាញថតរូបម្នាក់ឈ្មោះ រ៉េនី ខូឡាឃួស៊ីយ៉ូ (Rainee Colacurcio) ទើបតែអាចថតយករូបភាពដ៏អស្ចារ្យមួយ នៅពេលស្ថានីយអវកាស ISS គោចរឆ្លងកាត់ នៅចន្លោះរវាងផែនដី និងព្រះអាទិត្យ។ ខណៈទោះបីនៅជិតភពរបស់យើងក៏ដោយក្តី ហើយធៀបជាមួយព្រះអាទិត្យ ដែលនៅចម្ងាយដល់ទៅប្រមាណ ១៥០លានគីឡូម៉ែត្ររបស់ព្រះអាទិត្យ ស្ថានីយ ISS នៅតែមើលទៅគ្រាន់ជាវត្ថុតូចឆ្មាមួយ ដោយសារទំហំដ៏ធំមហាសាលរបស់ដុំបាល់ភ្លើងធម្មជាតិនេះ។ ព្រះអាទិត្យមានមុខកាត់ប្រវែងជិត ១.៤លានគីឡូម៉ែត្រ។

គួរជម្រាបថា រូបថតនោះត្រូវបានអង្គការ NASA ជ្រើសរើសយកមកបង្ហាញក្នុងកម្រងរូបភាព តារាសាស្រ្តប្រចាំថ្ងៃរបស់ខ្លួនថែមទៀតផង។ អ្វីដែលគួរឲ្យកត់សម្គាល់មួយទៀត​នៅក្នុងរូបភាពដដែលនេះ គឺព្រះអាទិត្យពុំមានចំណុច sunspot ដែលជាចំណុចខ្មៅៗតែងនិយមឃើញនៅលើផ្ទៃព្រះអាទិត្យ ជាទីដែលសីតុណ្ហភាពជាទូទៅ មិនសូវក្តៅដូចកន្លែងផ្សេងទៀតឡើយ៕

ចែករំលែក