មន្ទីរពិសោធន៍អវកាសចិនមួយទៀត នឹងធ្លាក់មកលើផែនដីនៅថ្ងៃសុក្រស្អែកនេះហើយ!

0

(ប៉េកាំង)៖ មន្ទីរពិសោធន៍អវកាសចិនឈ្មោះថា Tiangong-2 នឹងត្រូវបញ្ជាឲ្យបន្ទាបខ្លួន ចូលមកក្នុងស្រទាប់បរិយាកាសផែនដីវិញ នៅថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីទម្លាក់ចោលនៅលើមហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានចិន CGTN នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩។

ក្រោយការពិសោធន៍ក៏ដូចជាធ្វើតេស្តផ្សេងៗត្រូវបានបញ្ចប់រួចរាល់ ទីបំផុតមន្ទីរពិសោធន៍អវកាស Tiangong-2 នឹងត្រូវចាកចេញពីគន្លងបច្ចុប្បន្ន ត្រឡប់ចូលមកក្នុងបរិយាកាសផែនដីវិញ នៅថ្ងៃទី១៩ ខែកក្កដា គឺស្អែកនេះតែម្តង ហើយកំឡុងពេលនោះកម្ទេចកម្ទី និងបំណែកផ្សេងៗ ដែលនៅសេសសល់ពីការឆេះក្នុងស្រទាប់បរិយាកាស នឹងធ្លាក់ចូលទៅក្នុងដែនទឹកដោយសុវត្ថិភាព ដែលត្រូវបានកំណត់ទុកនៅតំបន់ភាគខាងត្បូង នៃមហាសមុទ្រប៉ាស៊ីហ្វិក។

គួរជម្រាបថា មន្ទីរពិសោធន៍ Tiangong-2 ត្រូវបានបង្ហោះឡើងទីអវកាសកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ហើយត្រូវបានរចនាឡើងសម្រាប់ដំណើរការតែពីរឆ្នាំប៉ុណ្ណោះ។ មកទល់ពេលនេះ Tiangong-2 បានបន្តដំណើរការជាធម្មតាក្នុងទីអវកាសអស់រយៈ ពេលជាង ១,០០០ថ្ងៃមកហើយ។ កាលពីឆ្នាំមុន Tiangong-1 ក៏ត្រូវបានទម្លាក់មកលើផែនដីវិញ និងប្រកបដោយសុវត្ថិភាពផងដែរ៕

ចែករំលែក