រុស្ស៊ីបាញ់ផ្កាយរណបសម្ងាត់មួយគ្រឿងទៅទីអវកាស ខណៈគ្រប់គ្នាមិនទាន់ដឹងថាវាជាអ្វីឲ្យប្រាកដ…

0

(ម៉ូស្គូ)៖ ផ្កាយរណបមួយគ្រឿង ដែលមានតួនាទីសម្ងាត់បំផុតរបស់រុស្ស៊ី នៅទីបំផុតត្រូវបានគ្រាប់រ៉ុក្កែត Soyuz រុញច្រានឡើងទៅកាន់គន្លងគោចរ នៅជុំវិញភពផែនដីហើយ កាលពីថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ខណៈព័ត៌មាននេះទើបតែត្រូវបាន​ទម្លាយចេញនៅថ្ងៃពុធនេះប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Space នៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងយ៉ាងដូច្នេះថា «គ្រាប់រ៉ុក្កែត Soyuz-2.1v បានបាញ់បញ្ជូនផ្កាយរណបសម្ងាត់ខាងលើនេះ ទៅកាន់គន្លងតារាវិថីជុំវិញភពផែនដី នៅវេលាម៉ោង ៨៖៥២នាទីយប់ថ្ងៃចន្ទ (ម៉ោងនៅម៉ូស្គូ) ចេញពីស្ថានីយ៍ Plesetsk Cosmodrome ដែលមានចម្ងាយ ៨០០គីឡូម៉ែត្រពីភាគខាងជើងទីក្រុងម៉ូស្គូ»។

គួរបញ្ជាក់ថា ពុំមានព័ត៌មានលម្អិតណាមួយ បង្ហាញអំពីមុខងាររបស់ផ្កាយរណបខាងលើនេះ ឬសូម្បីតែឈ្មោះរបស់វានោះឡើយ គ្រាន់តែគេដឹងថា វាស្ថិតក្រោមការបញ្ជារបស់កងទ័ពអាកាស និងអវកាសរុស្ស៊ី។ យ៉ាងក៏ដោយអ្វីមួយដែលគេបានដឹងកន្លងមក គឺរុស្ស៊ីចង់បង្ហោះផ្កាយរណបមួយគ្រឿង ដើម្បីគោចរនៅជុំវិញតំបន់ប៉ូលជាយូរមកហើយ ដែលវាអាចជាគំរោងបង្កើនឥទ្ធិពលបន្ថែម នៅតំបន់សមុទ្រទឹកកកអាក់ទិច ដែលកំពុងមានការប្រជែងគ្នានេះ៕

ចែករំលែក