អង្គការបរិស្ថានអន្តរជាតិ៖ «ព្រៃឈើនៅឥណ្ឌូណេស៊ីឆេះអស់ ១.៦លានហិកតាក្នុងឆ្នាំ២០១៩»

0

(ហ្សាការតា)៖ របាយការណ៍ពីក្រុមអ្នកស្រាវជ្រាវបរិស្ថាន និងព្រៃឈើអន្តរជាតិ ស៊ីហ្វ័រ (CIFOR) ប្រចាំនៅទីក្រុងហ្សាការតាបានឲ្យដឹងថា ក្នុងរយៈពេល ១១ខែនៃឆ្នាំ២០១៩ ផ្ទៃដីព្រៃឈើប្រមាណ ១.៦លានហិកតាត្រូវបានអគ្គីភ័យលេបត្របាក់ ខណៈផ្សែងដែលបង្កឡើងដោយភ្លើងឆេះ​នេះ បានរាលដាលទៅប្រទេសម៉ាឡេស៊ី សិង្ហបុរី ប្រ៊ុយណេ និងភាគខាងត្បូងថៃផងដែរ។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃចន្ទ ទី០២ ខែធ្នូ ឆ្នាំ២០១៩។

បើតាមក្រុមអ្នកឃ្លាំមើលបរិស្ថានក្នុងតំបន់ ភ្លើងឆេះព្រៃនៅប្រទេសឥណ្ឌូណេស៊ី ជាច្រើនឆ្នាំមកហើយតែងតែបង្កការរំខានដល់ប្រទេសជិតខាង ដែលនាំឲ្យមានការប្រកាសអំពីបញ្ហាបរិស្ថាន ជាពិសេសនៅទីក្រុងគូឡាឡាំពួរក្នុងឆ្នាំ២០១៩ នេះបានចេញសេចក្តីបង្គាប់ឲ្យប្រជាជនពាក់ម៉ាស់ និងផ្អាកសាលារៀនមួយចំនួន ដើម្បីសុវត្ថិភាពកូនសិស្ស ខណៈផ្សែងបានគ្របដណ្តប់ទីក្រុងទាំងមូលតែម្តង។ ដោយឡែកភ្លើងឆេះព្រៃដែលអាក្រក់បំផុតនៅឥណ្ឌូណេស៊ី បានកើតឡើងកាលពីឆ្នាំ២០១៥ ដែលបានបំផ្លាញផ្ទៃដីព្រៃឈើដល់ទៅ ២.៦លានហិកតាឯណោះ។

គួរបញ្ជាក់ថា មូលហេតុនៃការបង្កភ្លើងឆេះព្រៃឡើងត្រូវបានគេដឹងថា បណ្តាលមកពីប្រជាកសិករធ្វើការដុតសម្អាតព្រៃងាប់ៗ ដើម្បីយកដីដាំដូងប្រេង ហើយពួកគេទាំងនោះមិនបានប្រុងប្រយ័ត្ន ឬយល់ដឹងពីផលវិបាក នៅពេលភ្លើងដែលពួកគេដុតបានរីករាលដាល នៅចំពេលមានខ្យល់ក្តៅ និងស្ងួតបោកបក់បន្ថែមទៀតនោះ។ រូបភាពពីផ្កាយរណបក៏បាន​បង្ហាញផងដែរថា ផ្ទៃដីព្រៃឈើដែលបានឆាបឆេះកាលពីប៉ុន្មានឆ្នាំកន្លងទៅហើយនោះ គឺបានក្លាយជាទីវាលរោហោស្ថាន ដោយគ្មានដើមឈើណាត្រូវបានគេដាំដុះ ឬក៏អាចដុះឡើងវិញដោយឯកឯងនោះឡើយ៕

ចែករំលែក