ដុំបាល់ភ្លើងដែលបានធ្លាក់នៅអូស្ត្រាលីក្នុងឆ្នាំ២០១៦ គឺត្រូវបានគេហៅថា «Mini-moon» ដែលត្រូវទំនាញផែនដីស្រូបចូល

0

(បរទេស)៖ ក្នុងរបាយការណ៍ស្រាវជ្រាវថ្មីមួយ អ្នកវិទ្យាសាស្រ្តបានបង្ហាញការជឿជាក់ថា បំណែកអាចម៍ផ្កាយដែលបានឆេះជាដុំបាល់ភ្លើង នៅលើផ្ទៃមេឃនៃប្រទេសអូស្រ្តាលីកាលពីឆ្នាំ២០១៦ គឺជាបំណែកអាចម៍ផ្កាយកម្រគេហៅថា Minimoon។ នេះបើតាមការដកស្រង់ការផ្សាយពីវែបសាយព័ត៌មាន Space នៅថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ២០១៩។

ពេលខ្លះដុំថ្មមកពីទីអវកាសបានរសាត់មកកៀកនឹងផែនដី ប៉ុន្តែមិនទាន់ត្រូវទាញដោយទំនាញនៃភពយើងភ្លាមៗឡើយ។ ពួកវាជារឿយៗគោចរនៅជុំវិញផែនដី​ក្នុងរយៈពេលខ្លីមួយ មុនពេលត្រូវទាញចូលមកក្នុងបរិយាកាស ឬក៏ត្រូវរុញច្រានឲ្យខ្ទាតចេញទៅក្នុងលំហវិញ។ ដុំថ្មទាំងនេះត្រូវអ្នកវិទ្យាសាស្រ្តប្រើពាក្យបច្ចេកទេសហៅថា TCO (Temporarily Captured Orbiter) តែយើងអាចហៅសាមញ្ញថា ជាវត្ថុរណបធម្មជាតិរបស់ភពផែនដី ឬ Minimoon។

តាមរយៈការវិភាគយ៉ាងលម្អិតលើទិន្នន័យ បានមកពីបណ្តាញតេឡេស្កូប DFN (Desert Fireball Network) របស់អូស្រ្តាលី អ្នកវិទ្យាសាស្រ្តមួយក្រុមបានរកឃើញថា ព្រឹត្តិការណ៍ឆេះបំណែកអាចម៍ផ្កាយមួយនៅអូស្រ្តាលី កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ គឺជាការឆេះដុំថ្មកម្រ Minimoon។ និយាយរួមគឺបំណែកអាចម៍ផ្កាយនោះ បានចំណាយពេលមួយរយៈខ្លីគោចរជុំវិញភពយើង មុនពេលធ្លាក់ចូលមកដល់ក្នុង​ស្រទាប់បរិយាកាសរបស់ផែនដី។

គួរជម្រាបថា គិតមកទល់ពេលនេះ ព្រឹត្តិការណ៍ឆេះបំណែកអាចម៍ផ្កាយ Minimoon ដែលអ្នកវិទ្យាសាស្រ្តបានមើលឃើញ គឺមានតែពីរលើកគត់។ លើកទីមួយបានកើតឡើងកាលពីឆ្នាំ២០១៤។ ម៉្យាងវិញទៀតមានតែមួយលើកប៉ុណ្ណោះ ដែលអ្នកវិទ្យាសាស្រ្តបានមានឱកាសអង្កេតមើល Minimoon មួយដុំ ដែលគោចរជុំវិញផែនដី។ ដុំថ្មនោះមានឈ្មោះថា 2006 RH120។ វាបានចំណាយពេលប្រមាណជា ១១ខែ រសាត់ជុំវិញភពយើង មុនពេលខ្ទាតចេញទៅក្នុងទីអវកាសវិញ៕

ចែករំលែក