អង្គការឧតុនិយមអន្តរជាតិ៖ «១០ឆ្នាំចុងក្រោយនេះ គឺក្តៅបំផុតហើយក្នុងប្រវត្តិសាស្ត្រ»

0

(ម៉ាឌ្រីដ)៖ អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា ទសវត្សរ៍នេះគឺជាទសវត្សរ៍ក្តៅជាងគេបំផុតក្នុងប្រវត្តិសាស្រ្ត ខណៈអត្រានៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់​មានការកើនឡើងជាថ្មីម្តងទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ២០១៩។

ក្នុងរបាយការណ៍វាយតម្លៃប្រចាំឆ្នាំចេញផ្សាយនាថ្ងៃអង្គារនេះ អង្គការឧតុនិយមពិភពលោក WMO របស់អង្គការសហប្រជាជាតិបានអះអាងថា សីតុណ្ហភាពសកលក្នុងឆ្នាំ២០១៩ នាពេលនេះគឺមានចំនួន ១.១អង្សាសេ​លើសកម្រិតសីតុណ្ហភាពគោល កាលពីមុនសម័យឧស្សាហកម្ម (Pre-indurstrial Level)។ ប្រការនេះកំពុងធ្វើឲ្យឆ្នាំ២០១៩ ឆ្ពោះទៅស្ថិតក្នុងចំណោមឆ្នាំទាំង ៣ ដែលមានសីតុណ្ហភាពក្តៅជាងគេ។

បើតាមរបាយការណ៍របស់អង្គការ WMO ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងឆ្នាំ២០១៩ ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។ រីឯមហាសមុទ្រនានា ដែលតែងទទួលបន្ទុកស្រូបយកកម្តៅ ៩០ភាគរយ ដែលផលិតឡើងដោយឧស្ម័នផ្ទះកញ្ចក់នោះ ក៏កំពុងស្ថិតក្នុងកម្រិតសីតុណ្ហភាពក្តៅខ្លាំង មិនធ្លាប់ជួបប្រទះផងដែរ។

គួរជម្រាបថា រយៈពេល ១២ខែចុងក្រោយនេះ ទឹកកកទម្ងន់ប្រមាណ ៣២៩ពាន់លានតោន ត្រូវបានបាត់បង់ពីកោះហ្គ្រីនលែនដ៍ Greenland ដែលជាផ្ទាំង ទឹកកកធំជាងគេទីពីរនៅលើពិភពលោក បន្ទាប់ពីផ្ទាំងទឹកកកនៅទ្វីបអង់តាក់ទិក៕

ចែករំលែក