NASA ចងក្រងព័ត៌មានថ្មីបំផុតបានមកពីយាន Parker ដែលកំពុងស្រាវជ្រាវព្រះអាទិត្យយើង

0

(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA ទើបតែបានបញ្ចេញកម្រងលទ្ធផល ផ្នែកវិទ្យាសាស្រ្តលើកដំបូងនៃបេសកកម្ម Paker Solar Probe (PSP) ដែលកំពុងសិក្សាអំពីផ្កាយរបស់យើង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយព័ត៌មាន Space នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០១៩។

លទ្ធផលខាងលើបានមកពីការហោះឆ្វែល Flyby កាត់ព្រះអាទិត្យចំនួនពីរលើកដោយយាន PSP ដែលត្រូវបានបញ្ជូនចេញពីផែនដី កាលពីខែសីហា ឆ្នាំ២០១៨ ហើយក្នុងនាពេលខាងមុខវានឹងក្លាយជាយានអវកាស ដែលបានទៅកៀកព្រះអាទិត្យខ្លាំងបំផុត។ លទ្ធផលដំណាក់កាលដំបូងនេះ បានលាតត្រដាងឲ្យអ្នកវិទ្យាសាស្រ្ត មានឱកាសស្វែងយល់កាន់តែលម្អិតថែមទៀត​អំពីបាតុភូតព្រះអាទិត្យដូចជាដែនម៉ាញេទិច និងព្យុះរបស់វាជាដើម។

គួរជម្រាបថា ជារៀងរាល់ ៥-៦ខែ យានអវកាស PSP តែងតែហោះកាត់កៀកព្រះអាទិត្យ ដើម្បីប្រមូលទិន្នន័យ។ មកទល់ពេលនេះ វាបានហោះបែបនោះចំនួន ០៣លើក ក្នុងចំណោមនៃការហោះសរុបចំនួន ២៤លើក ដែលត្រូវបានគ្រោងទុក។ កំឡុងការហោះឆ្វែល ០៣លើកមកនេះ ចម្ងាយកៀកបំផុតនឹងព្រះអាទិត្យរបស់យាន PSP គឺ២៤លានគីឡូម៉ែត្រ។ កាលពីមុនយានអវកាស ដែលបានទៅជិតព្រះអាទិត្យជាងគេក្នុង ប្រវត្តិសាស្រ្តគឺយានឈ្មោះ Helios 2 កាលពីឆ្នាំ១៩៧៦ នៅចម្ងាយ ៤២.៧៣លានគីឡូម៉ែត្រ ដែលវាជាបេសកកម្មរបស់សហរដ្ឋអាមេរិកនិង អតីតអាល្លឺម៉ង់ខាងលិច។

យ៉ាងណាមិញនៅកំឡុងការហោះឆ្វែល ២-៣លើកចុងក្រោយ យានអវកាស PSP នឹងស្ថិតនៅចម្ងាយត្រឹម ៦លានគីឡូម៉ែត្រប៉ុណ្ណោះពីព្រះអាទិត្យនៅក្នុងឆ្នាំ២០២៥ ហើយពិតជាចម្ងាយកៀកមែនទែន ដែលយានអវកាសមួយអាចចល័តនៅជិតព្រះអាទិត្យ​ដែលមានកម្តៅរាប់លានអង្សា ប៉ុន្តែវាខែលអាចការពារខ្លួនបាននេះ៕

ចែករំលែក