ប្រជាជនអូស្ត្រាលីប្រមូលផ្តុំគ្នាតវ៉ាតាមដងផ្លូវ ខណៈភ្លើងឆេះព្រៃ​កំពុងដុតបំផ្លាញប្រទេសជាតិយ៉ាងដំណំ

0

(អូស្ត្រាលី)៖ ខណៈភ្លើងឆេះព្រៃ និងរលកកម្តៅកំពុងតែវាយប្រហារយ៉ាងសង្គ្រប់​នៅក្នុងរដ្ឋ Victoria និង New South Wales នៃភាគខាងកើតប្រទេសអូស្ត្រាលីនោះ នៅយប់ថ្ងៃសុក្រនេះតែម្តង ក្រុមបាតុករការពារបរិស្ថានរបស់អូស្ត្រាលី បានប្រមូលផ្តុំគ្នាតវ៉ានៅតាមដងផ្លូវ នៅក្នុងរដ្ឋទាំងពីរនេះ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន The Guardian នាថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០។

នៅចំពោះមុខក្រុមអ្នកតវ៉ា ដែលកំពុងទាមទារឲ្យរដ្ឋាភិបាលទីក្រុងកង់បេរ៉ា ចាត់វិធានការឲ្យបានខ្លាំងក្លា ដើម្បីពន្លត់ភ្លើងឆេះព្រៃនោះ អាជ្ញាធរអូស្ត្រាលីក៏បានចេញសារព្រមាន កាន់តែធ្ងន់ធ្ងរជាងមុនទៀត ដោយតម្រូវប្រជាជនទាំងអស់បង្កើនការប្រុងប្រយ័ត្ន និងត្រៀមភៀសខ្លួនចេញទៅរក​តំបន់ក្បែរខាងដែលមានសុវត្ថិភាព ព្រោះមិនត្រឹមតែភ្លើងឆេះព្រៃនោះទេ សូម្បីតែខ្យល់បោកបក់ក៏លឿនក្នុងល្បឿន ៩០គីឡូម៉ែត្រក្នុងមួយម៉ោងផងដែរ ខណៈអាកាសធាតុនឹងកើនឡើងកម្តៅ រហូតដល់លើស ៤០អង្សាសេឯណោះ។

សម្រាប់អ្នករស់នៅទីក្រុងស៊ីដនី គឺទំនងជាមិនអាចទទួលរងផលប៉ះពាល់នោះឡើយ រហូតដល់ព្រឹកថ្ងៃសៅរ៍ស្អែកនេះ ខណៈអាជ្ញាធររដ្ឋ Victoria និង New South Wales បានចាប់ផ្តើមចេញសារព្រមាន តាំងតែពីម៉ោង ៨៖០០នាទីយប់ថ្ងៃសុក្រនេះម្ល៉េះ។ នៅក្នុងរដ្ឋ Victoria ភ្លើងឆេះព្រៃប្រមាណ ២១ទីតាំង ស្ថិតក្នុងស្ថានភាពគ្រប់គ្រងលែងបាន ខណៈលំនៅឋាន ២៨៦ខ្នងរួមទាំងទ្រព្យសម្បត្តិ ត្រូវបានភ្លើងលេបត្របាក់ទាំងស្រុង។

សម្រាប់នៅក្នុងរដ្ឋ New South Wales វិញហាក់ទទួលរងគ្រោះធ្ងន់ធ្ងរជាងគេបង្អស់ ដោយភ្លើងឆេះព្រៃប្រមាណ ១៣៩ទីតាំងកំពុងកើតឡើង ហើយក្នុងនោះ ៦៦ទីតាំងនៅមិនទាន់អាចគ្រប់គ្រងបាននោះទេ ខណៈក្រុមពន្លត់អគ្គីភ័យរាប់ពាន់នាក់់ នៅតែបន្តប្រតិបត្តិការពន្លត់នៅឡើយ ទាំងយប់ទាំងថ្ងៃតែម្តង។

អ្វីដែលអាក្រក់បន្ថែមទៀតនោះ ភ្លើងឆេះព្រៃបានកើតឡើងនៅភាគខាងកើត នៃប្រទេសអូស្ត្រាលីថែមទៀត ស្ថិតនៅចម្ងាយតែ ៣០គីឡូម៉ែត្រពីទីក្រុង Perth ខណៈអាជ្ញាធរនៅទីនោះបានប្រាប់ប្រជាជន ឲ្យជម្លៀសទៅកាន់ភាគខាងត្បូងទីក្រុងវិញ​ជាបន្ទាន់​បើអាចទៅរួច។ ងាកទៅកាន់ភ្លើងឆេះព្រៃនៅភាគខាងត្បូងអូស្ត្រាលីវិញ គឺប្រមាណជាង ១ ភាគ ៣ នៃកោះកុងហ្គូរូ (Kangaroo) ត្រូវបានភ្លើងឆេះ ដែលនាំឲ្យមនុស្ស ០២នាក់ស្លាប់ និងក្រុមពន្លត់អគ្គីភ័យ ២២នាក់រងរបួស។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Morrison នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រនេះ បានច្រានចោលនូវការចោទប្រកាន់របស់សកម្មជនបរិស្ថាន និងប្រជាជនអូស្ត្រាលីជាច្រើន ពាក់ព័ន្ធជំហររដ្ឋាភិបាលចំពោះការប្រែប្រួលអាកាសធាតុ។ លោក Morrison បានព្យាយាមពន្យល់ថា រដ្ឋាភិបាលរបស់លោកក៏មិនចង់ឲ្យប្រជាជនបាត់បង់ការងារ សេដ្ឋកិច្ចត្រូវបំផ្លាញ ឬរង្គោះរង្គើដោយសារតែបញ្ហាបម្រែបម្រួលអាកាសធាតុនោះដែរ៕

ចែករំលែក