ឆ្នាំ២០២០ គឺជាឆ្នាំដែលត្រូវបាញ់បង្ហោះ​យានរុករកភពអង្គារថ្មី Mars 2020 ដែលមានតួនាទីយកគំរូតាង​ពីភពអង្គារមកផែនដីវិញ

0

(បរទេស)៖ គំរូតាងពីភពអង្គារ (Mars) នឹងមិនមកដល់ផែនដីយើង​ក្នុងពេលប៉ុន្មានឆ្នាំខាងមុខឡើយ គឺយ៉ាងហោចណាស់ក៏មួយទសវត្សរ៍ទៀតដែរ ប៉ុន្តែអ្នកវិទ្យាសាស្រ្តបាននិយាយថា ឥឡូវដល់ពេលដែលត្រូវរៀបចំឲ្យមហាជនត្រៀមខ្លួនឲ្យហើយ សម្រាប់ការមកដល់របស់ពួកវា។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​វែបសាយព័ត៌មាន Space នៅថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០។

យានរុករក Mars 2020 របស់ទីភ្នាក់ងារអវកាស NASA ត្រូវបានគេសន្និដ្ឋានថា អាចនឹងចេញដំណើរពីផែនដីនៅខែកក្កដា ឆ្នាំ២០២០ ហើយចុះទៅ ដល់តំបន់រណ្តៅអាចម៍ផ្កាយ Jezero របស់ភពអង្គារនៅខែកុម្ភៈ ឆ្នាំ២០២១។ ពេលទៅដល់យានរ៉ូបូតកង់ ០៦នោះនឹងធ្វើការងារជាច្រើន ប៉ុន្តែបេសកកម្មចម្បងរបស់វា គឺការស្វែងរកស្លាកស្នាមនៃជីវិត កាលពីអតីតកាលនៅលើភពអង្គារ។ ជាមួយគ្នានេះយានរុករកខាងលើ​នឹងជ្រើសរើសយកគំរូតាងល្អៗនៅរណ្តៅ Jezero ទុកសម្រាប់បេសកកម្ម ដែលត្រូវនាំយកពួកវាត្រឡប់មកកាន់ផែនដីវិញ ដែលអាចកើតមានឡើងនៅមួយទសវត្សរ៍ក្រោយ។

គួរជម្រាបថា អ្នកវិទ្យាសាស្រ្តអាមេរិកម្នាក់ គឺលោកស្រី Sheri Klug Boonstra បានលើកឡើងថា ការមកដល់របស់គំរូតាងទាំងនោះ អាចនឹងធ្វើឲ្យមហាជនខ្លះភ្ញាក់ផ្អើលខ្លាំង ប្រសិនបើមិនទទួលបាន​ការពន្យល់បកស្រាយឲ្យដឹងជាមុន ដែលអាចធ្វើឲ្យភ័យព្រួយ ឬចលនាផ្សេងៗ ដូច្នេះហើយក្រុមការងារដែលពាក់ព័ន្ធ គួរតែចាប់ផ្តើមអប់រំក៏ដូចជាផ្តល់ព័ត៌មាន​ជូនដល់មហាជនអំពីបេសកកម្មនាំយកគំរូតាងពីភពអង្គារ នេះឲ្យហើយទើបប្រសើរ បើទោះបីជានៅសល់ពេលយូរឆ្នាំទៀតក៏ដោយ។

យោងតាមផែនការបច្ចុប្បន្ន ទីភ្នាក់ងារអវកាសអាមេរិក NASA និងទីភ្នាក់ងារអវកាសអឺរ៉ុប ESA នឹងសហការគ្នាចេញបេសកកម្មដ៏សំខាន់ចំនួនពីរ​នៅឆ្នាំ២០២៦ ដើម្បីទៅនាំយកគំរូតាងភពអង្គារមកកាន់ផែនដី។ ក្នុងនោះរួមមានបេសកកម្មហៅថា Earth Return Orbiter (ERO) របស់ ESA និងបេសកកម្ម Sample Retrieval Lander (SRL) របស់ NASA។ បេសកកម្ម ERO មានតួនាទីចូលទៅកាន់គន្លងរបស់ Mars ហើយ SRL នឹងទម្លាក់យានចុះចតមួយគ្រឿង ព្រមទាំងយាន Rover ឈ្មោះ Sample Fetch Rover (SFR) របស់ ESA រួមជាមួយគ្រាប់រ៉ុក្កែតតូចមួយហៅថា Mars Ascent Vehicle (MAV) ទៅលើកន្លែងចុះចតរបស់យាន Mars 2020។

ប្រសិនបើអ្វីៗប្រព្រឹត្តទៅតាមការគ្រោងទុក គំរូតាងពីភពអង្គារ​នឹងត្រូវបញ្ជូនមកដល់ផែនដីនៅឆ្នាំ២០៣១ ហើយត្រូវរក្សាទុកក្នុងមូលដ្ឋានមួយ ដែលសាងសង់ឡើងជាពិសេស គឺអាចទប់ស្កាត់មិនឲ្យមានការបំពុលណាមួយជ្រាបចេញ ឬជ្រាបចូលបានឡើយ។ ដូច្នេះហើយវាពុំមានរឿងអ្វីគួរឲ្យបារម្ភនោះទេ៕

ចែករំលែក