៥ ចំណុចសំខាន់ៗដែលអ្នកគួរស្វែងយល់អំពីភ្នំភ្លើង, ហេតុអ្វីបានជាមានរន្ទះបាញ់ និងផ្លេកបន្ទោលើមាត់ភ្នំភ្លើង?

0

(ម៉ានីល)៖ ការចាប់ផ្តើមបញ្ចេញសកម្មភាពនៃភ្នំភ្លើង Taal ដែលនៅមិនសូវជាឆ្ងាយប៉ុន្មានឡើយនោះ ពីរដ្ឋធានីម៉ានីលនៃប្រទេសហ្វីលីពីន បានបង្កើតជាទិដ្ឋភាពដ៏អស្ចារ្យ ប៉ុន្តែក៏ស្របពេលជាមួយគ្នាក៏គ្រោះថ្នាក់ផងដែរ ចាប់តាំងពីថ្ងៃអាទិត្យកន្លងទៅនេះ។ ដុំពពកផេះយក្សយ៉ាង សម្បើមរបស់ភ្នំភ្លើងនោះ ដែលលាយឡំជាមួយរន្ទះ បានទាក់ទាញមនុស្សជាច្រើនឲ្យទស្សនាពីចម្ងាយ តែក៏បានបង្ខំឲ្យមនុស្សដែលរស់នៅ ជុំវិញតំបន់ភ្នំរាប់ម៉ឺននាក់ជម្លៀសខ្លួនថែមទៀតផង។

ខាងក្រោមគឺជាការពិតចំនួន០៥ ទាក់ទងជាមួយភ្នំភ្លើង៖

១. រន្ទះ៖ ការបញ្ចេញសកម្មភាពខ្លាំងរបស់ភ្នំភ្លើង ពេលខ្លះនាំឲ្យមានបាតុភូតរន្ទះបាញ់ ដែលកើតមាននៅក្នុងដុំពពកផេះធំៗ ដែលហុយចេញពីភ្នំភ្លើងនោះ។ មានទ្រឹស្តីមួយចំនួនទាក់ទងនឹងបាតុភូតនេះ គឺពួកវាអាចបង្កឡើងដោយសារការប៉ះទង្គិចគ្នា​នៃភាគល្អិតនៅពេលភ្នំភ្លើងបញ្ចេញ សកម្មភាព ដែលជាហេតុបង្កើតជាចរន្តអគ្គិសនី ហើយក្រោយមកគឺចេញជារន្ទះ។ ទ្រឹស្តីមួយទៀត គឺរន្ទះទាំងនោះត្រូវបានបង្កើតឡើងនៅពេលដុំផេះដែលផ្ទុកធាតុគីមី មានប្រតិកម្មជាមួយឧស្ម័នផ្សេងៗ នៅក្នុងខ្យល់ដែលនៅជុំវិញនោះ។

២. រលកយក្សស៊ូណាមិ៖ ការបញ្ចេញសកម្មភាពយ៉ាងញាប់ញ័ររបស់ភ្នំភ្លើង អាចបណ្តាលឲ្យមានរលកស៊ូណាមិ ប្រសិនបើមានបំណាក់ដីធ្លាក់ ចូលទៅក្នុងផ្ទៃទឹកដែលនៅជុំវិញនោះទាំងកម្រោល។

៣. ភ្នំភ្លើងមានចំនួនរហូតដល់រាប់លានឯណោះ៖ នៅលើពិភពលោកយើង មានភ្នំភ្លើងប្រមាណ ១,៥០០ ដែលអាចជាភ្នំភ្លើងសកម្ម ហើយភាគ ច្រើនស្ថិតនៅតំបន់ខ្សែក្រវាត់ភ្នំភ្លើងគេហៅថា Ring of Fire នៃមហាសមុទ្រប៉ាស៊ីហ្វិក ជាទីដែលស្រទាប់ទិចតូនិកប៉ះទង្គិចគ្នា នៅក្រោម ផ្ទៃផែនដី។ យ៉ាងណាមិញប្រហែល ៧៥ភាគរយនៃសកម្មភាពភ្នំភ្លើងរបស់ផែនដី គឺកើតមាននៅបាតសមុទ្រឯណោះ ហើយបើតាមក្រុម អ្នកវិទ្យាសាស្រ្ត ភ្នំភ្លើងនៅបាតុសមុទ្រដែលគេហៅថា submarine volcanoe អាចមានចំនួនរហូតដល់រាប់លាន។

៤. ការថយចុះសីតុណ្ហភាពបណ្តោះអាសន្នទូទាំងពិភពលោក៖ ករណីផ្ទុះភ្នំភ្លើង Pinatubo ឆ្នាំ១៩៩១ នៅចម្ងាយ ១០០គីឡូម៉ែត្រភាគពាយ័ព្យទីក្រុងម៉ានីល គឺជាហេតុការណ៍ផ្ទុះភ្នំភ្លើងដ៏អាក្រក់បំផុតរបស់ហ្វីលីពីន ក្នុងអំឡុងពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ដែលវាបានផ្តាច់ជីវិតមនុស្សដល់ទៅ ជាង៨០០នាក់។ ប៉ុន្តែការផ្ទុះភ្នំភ្លើងនោះ ថែមទាំងមានឥទ្ធិពលដល់ពិភពលោកទាំងមូលទៀតផង។ កាលនោះ ភ្នំភ្លើង Pinatubo បានបាញ់ ជះ ឧស្ម័នស្ពាន់ធ័រឌីអុកស៊ីតជិត២០លានតោនឡើងទៅលើផ្ទៃអាកាស ដែលបានរសាត់អណ្តែតពាសពេញពិភពលោក។ ដុំពពកនៃឧស្ម័ន នោះ បានបណ្តាលឲ្យមានការធ្លាក់ចុះសីតុណ្ហភាពក្នុងកម្រិត០.៥អង្សាសេ ជាបណ្តោះអាសន្ន ចាប់ពីឆ្នាំ១៩៩១ដល់ឆ្នាំ១៩៩៣។

៥. នៅប្រទេសឥណ្ឌូណេស៊ីមានភ្នំភ្លើងសាហាវៗជាងគេ៖ ឥណ្ឌូណេស៊ីគឺជាតំបន់មានសកម្មភាពភ្នំភ្លើងយ៉ាងខ្លាំងក្លាបំផុត នៅលើពិភពលោក ។ ប្រទេសប្រជុំកោះនៅអាស៊ីអាគ្នេយ៍មួយនេះ មានកោះសរុបច្រើនជាង១៧,០០០ ក្នុងនោះជិត១៣០កោះ ជាភ្នំភ្លើងសកម្មតែម្តង ហើយស្ថិត នៅតំបន់ Pacific Ring of Fire។ នៅឆ្នាំ១៨១៥ ភ្នំភ្លើង Tambora ដែលស្ថិតលើកោះ Sumbawa បានផ្ទុះឡើងយ៉ាងសាហាវបំផុត។ មនុស្សប្រហែល ១២,០០០បានស្លាប់ដោយសារភ្នំភ្លើងនោះ ហើយគ្រោះទុរ្ភិក្សដែលកើតឡើងតាមក្រោយ បានផ្តាច់ជីវិតមនុស្ស ៨០,០០០នាក់ទៀត។

រីឯកោះ Krakatoa របស់ឥណ្ឌូណេស៊ី កាលពីឆ្នាំ១៨៨៣វិញ ត្រូវបាត់ចេញពីផែនដី ដោយសារតែ បន្ទុះភ្នំដ៏ខ្លាំងក្លាមួយ ដែលអ្នកនៅចម្ងាយ ៤,៥០០គីឡូម៉ែត្រក៏អាចលឺសូរសំឡេងផ្ទុះរបស់វាដែរ។ កាលនោះ មនុស្ស៣៦,០០០នាក់បាន បាត់បង់ជីវិត ដោយសារ បន្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិដែលវាបង្កឡើង។ ក្រោយមកនៅឆ្នាំ១៩២៨ ភ្នំភ្លើងថ្មីក៏បានផុសឡើងនៅទីតាំង ភ្នំភ្លើងនោះ។

ប្រភព៖ សារព័ត៌មាន CNA (ថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០)

ចែករំលែក