អង្គការ NASA អះអាងថា ផ្សែងភ្លើងឆេះព្រៃនៅអូស្ត្រាលី កំពុងគ្របដណ្តប់ស្ទើរពាសពេញបរិយាកាសផែនដី

0

(ស៊ីដនី)៖ អង្គការ NASA នៅថ្ងៃពុធសប្តាហ៍នេះ បានបញ្ចេញទិន្នន័យពីផ្កាយរណប ដោយបញ្ជាក់ថា ផ្សែងបង្កឡើងដោយភ្លើងឆេះព្រៃ នៅតំបន់ជាច្រើនទូទាំងប្រទេសអូស្ត្រាលី ជាពិសេសភាគខាងកើត កំពុងតែរសាត់អណ្ដែត ស្ទើរតែពាសពេញបរិយាកាសពិភពលោក។ គិតត្រឹមព្រឹកថ្ងៃពុធនេះ អាជ្ញាធរឧតុនិយម និងធនធានទឹកអូស្ត្រាលីបានព្យាករណ៍ថា ភ្លៀង និងព្យុះអាចនឹងនាំភាពធូរស្រាលមួយចំនួនធំ ទៅកាន់តំបន់ដែលរងគ្រោះ និងបំផ្លិចបំផ្លាញដោយសារភ្លើងឆេះព្រៃ ប៉ុន្តែភ្លៀងធ្លាក់ខ្លាំងបច្ចុប្បន្នកំពុងបង្កហានិភ័យ​នៃគ្រោះរអិលបាក់ដី និងការបំពុលទឹកទៅវិញ។

ភ្លើងឆេះព្រៃដែលបានឆាបឆេះតាំងតែពីខែកញ្ញា ឆ្នាំ២០១៩ មកទល់នឹងពេលបច្ចុប្បន្ននេះ បានផ្ដាច់ជីវិតមនុស្ស ២៨នាក់, បំផ្លាញផ្ទះសម្បែងច្រើនជាង ២,៥០០ខ្នង ហើយសត្វអាចដល់ទៅមួយពាន់លានក្បាល ត្រូវបានគេព្រួយបារម្ភថាបានងាប់ ខណៈផ្ទៃដីត្រូវបានអណ្តាតភ្លើងលេបត្របាក់ មានទំហំប៉ុនប្រទេសប៊ុលហ្គារី។

នៅក្នុងវីដេអូមួយបង្ហោះលើគេហទំព័រការិយាល័យឧតុនិយម លោកស្រី សារ៉ាហ៍ ស្កាល្លី (Sarah Scully) ដែលជាអាជ្ញាធរឧតុនិយមអូស្ត្រាលីមួយរូប បានលើកឡើងយ៉ាងដូច្នេះថា «ភ្លៀងធ្លាក់ខ្លាំង និងព្យុះអាចនឹងនាំភាពធូរស្រាល​មកកាន់តំបន់ដែលកំពុងបំផ្លិចបំផ្លាញដោយសារភ្លើងឆេះព្រៃ ជាពិសេសគឺរដ្ឋ New South Wales និងរដ្ឋ Victoria តែម្ដង»។

គួរជម្រាបថា ភ្លើងឆេះព្រៃតែងតែជាកើតឡើងជាញឹកញាប់ នៅកំឡុងរដូវក្ដៅនៅអូស្ត្រាលី ប៉ុន្តែភ្លើងឆេះព្រៃនៅឆ្នាំនេះគឺមានសភាពខុសប្រក្រតី និងធ្ងន់ធ្ងរហួសប្រមាណ។ ក្រុមអ្នកវិទ្យាសាស្ត្រក៏បានព្រមានផងដែរថា ភ្លើងឆេះព្រៃនៅអូស្ត្រាលីនឹងអាចក្លាយជារឿង​កើតមានឡើងជាប្រចាំ ប្រសិនបើបញ្ហាចំពោះមុខដូចជាការបញ្ចេញឧស្ម័នផ្ទះកញ្ចក់​នៅទូទាំងពិភពលោក មិនត្រូវបានកាត់បន្ថយទេនោះ៕

ប្រភព៖ CNA (ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០)

ចែករំលែក