ស្គែន​ផ្ទៃដី ៥០០ដងក្នុងមួយ​វិនាទី ដើម្បីប្រកាស​អាសន្នមុន​គ្រោះ​រញ្ជួយដីកើតឡើង, នេះជា​​ការបង្កើត​ឡើងដោយ​អ៊ីស្រាអែល​…

0

 

(ហ្សេរុយសាឡឹម)៖ ប្រព័ន្ធព្យាករណ៍​គ្រោះរញ្ជួយដី ដែលបង្កើត​ឡើងដោយ​ក្រុមហ៊ុនអ៊ីស្រាអែល​ឈ្មោះថា ហ្សេស្មិចអេអាយ (SeismicAI) នឹងត្រូវដាក់ឲ្យ​ប្រើប្រាស់​នៅតាមប្រទេស​អឺរ៉ុប និងអាស៊ីមួយចំនួន​នាពេលឆាប់ៗ​ខាងមុខ ដើម្បជួយប្រជាជាតិ​ទាំងនេះ ក្នុងការបង្ការការពារខ្លួន​​ពី​គ្រោះធម្មជាតិ​ប្រភេទនេះ។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨។

ក្រុមហ៊ុន SeismicAI ដែលមានទីតាំង​នៅក្នុងទីក្រុងតែលអាវីវ​​របស់អ៊ីស្រាអែល បានប្រើប្រាស់​បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (Arificial Intelligence) ដែល​ប្រមែប្រមូលទិន្នន័យពីហេតុការណ៍រញ្ជួយតូចៗញឹកញាប់ ដើម្បីព្យាករណ៍​ទៅលើគ្រោះរញ្ជួយដី​នាពេលខាងមុខ ដែលមានកម្រិត​ធ្ងន់ៗ​។

ស្ថានីយតាមដាន​គ្រោះរញ្ជួយដី​​របស់ SeismicA ត្រូវសាងសង់ឡើង​ដោយបំពាក់ប្រព័ន្ធ Sensor ដែលអាចចាប់សញ្ញា​នូវរលក​នៃគ្រោះ​​​រញ្ជួយដីបាន ហើយប្រព័ន្ធនេះ​ធ្វើការត្រួតពិនិត្យ​ផ្ទៃដីជារៀងរាល់ ៥០០ដងក្នុង​មួយវិនាទី ខណៈព័ត៌មាន​នេះ ត្រូវយកទៅប្រើប្រាស់​ក្នុង​ស្ថានភាពជាក់ស្តែងភ្លាមៗ​តែម្តង។

គួរជម្រាបថា នៅពេលដែលគ្រោះរញ្ជួយដី ​ត្រូវបានប្រទះឃើញដោយស្ថានីយខាងលើ នឹងបញ្ជូនសញ្ញា​ទៅកាន់ប្រព័ន្ធគ្រប់គ្រងធំ​របស់ក្រុម​ហ៊ុន ហើយប្រជាជន​នៅតាមតំបន់ ក៏នឹងទទួលបាន​សារនៅលើទូរស័ព្ទដៃ ដើម្បីត្រៀមលក្ខណៈ​របស់ខ្លួនផងដែរ។ ប្រព័ន្ធនេះក៏មាន​​សមត្ថភាព បង្គាប់ឲ្យមានការបិទ​ទៅលើប្រព័ន្ធ​បំពង់ឧស្ម័ន ប្រព័ន្ធម៉ាស៊ីន​រង្វិល និងរោងចក្រគីមី​ឥន្ទនៈ រួមទាំងបញ្ឈប់​ចរាចរណ៍​នៅ​លើ​ផ្លូវដែក​ថែមទៀត​ផង៕

ចែករំលែក