កែវយឺត​ឆ្លុះចក្រវាឡ Hubble ជួបបញ្ហា​ហើយ ខណៈ​អង្គការ NASA កំពុង​ព្យាយាមស្តារ!

0

(អាមេរិក)៖ កែវយឺតអវកាស Hubble ដែលមាន​សមត្ថភាពខ្លាំង​អស្ចារ្យ អាចឆ្លុះរកឃើញ​កាឡាក់ស៊ីរាប់​មិនអស់នៅក្នុងចក្រវាឡនេះ ពេលនេះកំពុងជួប​ប្រទះបញ្ហាធំៗមួយចំនួន ដោយបានធ្វើ​ឲ្យវាលោតសញ្ញា Safe Mode ប៉ុន្តែក្រុមការងារ​អង្គការ NASA ដែលគ្រប់គ្រង​លើវានេះកំពុង​ព្យាយាមស្តារស្ថានការណ៍​ឲ្យប្រសើរឡើងវិញហើយ។ នេះបើតាម​ការចេញ​ផ្សាយ​​ដោយ វែបសាយ Space នាព្រឹកថ្ងៃពុធ ទី១០ ខែតុលា ឆ្នាំ២០១៨។

ក្រោយពីជួបប្រទះបញ្ហា​ផ្អាកដំណើរការបណ្តោះ​អាសន្នខាងលើនេះ អង្គការ NASA បានចេញសេចក្តី​ថ្លែងការណ៍មួយកាលពី​ម្សិលមិញ ដោយខ្លួន​បានអះអាងថា កែវយឺតត្រូវបាន​បាញ់បង្ហោះ​តាំងតែពីឆ្នាំ១៩៩០នេះ នឹងវិលមកដំណើរការ​ជាប្រក្រតីវិញក្នុងពេលឆាប់ៗ ហើយបើតាម​ស្ថានភាពរបស់វា Hubble នេះអាចនឹងដំណើរការ​បានយ៉ាងរលូនឡើងវិញ និងបន្តផ្តិតយក​រូបភាពដ៏អស្ចារ្យ​នៃចក្រវាឡ បានរាប់ឆ្នាំ​ទៅមុខទៀត​ឯណោះ។

កែវយឺតនេះមាន​រហស្សនាមថា Astronomical Eye Candy ដែលជា​កែវភ្នែកអវកាសរបស់ភព​ផែនដីក្នុងការសំឡឹងមើល​ទៅគ្រប់ទិសទី​ក្នុងចក្រវាឡ ហើយនៅក្នុងរយៈពេល​ជិតបីទសវត្សរ៍​មកនេះរូបភាព​ប្រកបដោយអត្ថបទប្រយោជន៍​ខ្ពស់ជាច្រើន ត្រូវបាន Hubble ផ្តិតយក និងបញ្ជូនមក​ភពផែនដី ដើម្បីឲ្យក្រុមតារាវិទូ និងអ្នកវិទ្យាសាស្ត្រ​ធ្វើការសិក្សា ដូចជា រូបភាពពីកញ្ចុំ​ផ្កាយតូចធំ បាតុភូតសូពើណូវ៉ា តារាធំៗដែលបញ្ចេញ​ពន្លឺចម្លែក និងអស្ចារ្យ ព្រមទាំង​កាឡាក់ស៊ីផ្សេងៗទៀត ដែលមានចម្ងាយ​រហូតដល់ ១០០លានឆ្នាំពន្លឺឯណោះ។

គួរបញ្ជាក់ថា បច្ចុប្បន្នេះ Hubble កំពុងតែស្ថិតនៅក្នុងគន្លង​គោចរជុំវិញភពផែនដី ក្នុងរយៈកម្ពស់ ៥៦៩គីឡូម៉ែត្រ ប៉ុន្តែរយៈកម្ពស់នេះ​មិននៅស្ថិតស្ថេរនោះឡើយ ដោយអាចឡើងនឹង​ចុះបន្តិច​បន្តួចជានិច្ច អាស្រ័យលើការប្រែប្រួល​នៃបរិយាកាស​ភពផែនដី។ Hubble មាន​សមត្ថភាពខ្ពស់​ក្នុងការ​ឃើញនូវអ្វី ដែលភ្នែកមនុស្សមិនអាច​មើលឃើញ ហើយការសំឡឹងមើល​កាឡាក់ស៊ីមួយ ដែលមាន​ចម្ងាយ ១០០លានឆ្នាំពន្លឺ​​ ពីវា​នោះ​មានន័យថា វាបានឃើញទម្រង់​នៃកាឡាក់ស៊ី​នោះកាលពី ១០០លានឆ្នាំមុនប៉ុណ្ណោះ។

ខុសពី Hubble ដោយកាលពីពេលថ្មីៗនេះអង្គការ NASA បានបញ្ជាក់ថា កែវយឺតអវកាស​ Kepler អាចសល់ពេល​ត្រឹមតែក្នុងខែតុលា នេះទៀតប៉ុណ្ណោះ។ បើតាម NASA ការគាំងប្រព័ន្ធ​មួយចំនួន កំពុងបង្កបញ្ហា​ដល់​កែវយឺតអវកាស ដែលមានអាយុកាលជិត ១ទសវត្សរ៍នេះ។ ទិន្នន័យថ្មី​បានបង្ហាញ​ថា Kepler កំពុងមានការ​លំបាកជាខ្លាំង ក្នុងតម្រង់ឆ្លុះមើល​ផ្ទៃមេឃ​ឲ្យចំគោលដៅ ស្របពេលដែល​បរិមាណ នៃឥន្ទ​នៈ​របស់វា​កាន់តែ​តិច​​ទៅៗ។

ក្រុមការងារ​បេសកកម្ម បានសម្រេចបិទ​ប្រព័ន្ធ​ដំណើរការរបស់ Kepler ជា​បណ្តោះ​​អាសន្ន​សិន ហើយនឹងដាស់វាឲ្យ​ដឹងខ្លួនវិញនៅថ្ងៃទី​១០ ខែតុលា ខាងមុខនេះ ជាពេលដែល​គេរំពឹងថា វានឹងបាញ់បញ្ចូន​សំណុំទិន្នន័យថ្មីបន្ថែមទៀត ត្រឡប់មកផែនដីវិញ តែ​យោងលើ​ស្ថាន​ការណ៍​​​វិវឌ្ឍន៍បែបនេះ NASA មិនអាចដឹង​ច្បាស់ទេថា តើដំណើរការនេះ​នឹង​ជោគជ័យ​​ដែរ ឬយ៉ាងណានោះ។ ទោះបី​ជាបែបនេះក្តី ប្រសិនបើ​​ជោគ​ជ័យ NASA នឹងបន្តឲ្យ​​កែវយឺត Kepler ប្រមែប្រមូល​ទិន្នន័យទៀត តាម​តែអាចប្រព្រឹត្តទៅ​បានរហូតដល់​ទីបញ្ចប់៕

ចែករំលែក